ព័ត៌មានអន្តរជាតិ

Update៖ លោក ចូ បៃដិន ជំរុញដល់មេដឹកនាំចិន ឲ្យផ្តោតលើបញ្ហាកូរ៉េខាងជើង ដែលនឹងត្រូវជួបប្រជុំគ្នា ក្នុងកិច្ចប្រជុំកំពូលក្រុមG20

ភ្នំពេញ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក ចូ បៃដិនប្រធានាធិបតីសហរដ្ឋអាមេរិក បានទៅដល់អាស៊ីហើយ នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកានេះ ដោយប្តេជ្ញាជំរុញឲ្យមេដឹកនាំចិន លោកហ្ស៊ី ជីនពីង ផ្តោតលើបញ្ហានៅកូរ៉េខាងជើង នៅគ្រាដែលពួកគាត់ ជួបប្រជុំទល់មុខគ្នាជាលើកដំបូង នៅក្នុងកិច្ចប្រជុំកំពូល G20 នៅសប្តាហ៍ក្រោយ ។

គេបានដឹងថា លោក បៃដិន បានទៅដល់ទីក្រុងភ្នំពេញ ដើម្បីជួបជាមួយមេដឹកនាំអាស៊ីអាគ្នេយ៍ មុនពេលជួបជាមួយសមភាគី ចិននៅថ្ងៃចន្ទ នៅកោះបាលី ។

គួរបញ្ជាក់ថា ជំនួបរវាងប្រទេសមហាអំណាចទាំង២នេះ ធ្វើឡើងបន្ទាប់ពីមានការបំបែកឯតទគ្គកម្ម នៃការសាកល្បងមីស៊ីល ដោយប្រទេសកូរ៉េខាងជើង បានធ្វើឱ្យមានការភ័យខ្លាចកាន់តែខ្លាំងថា រដ្ឋផ្តាច់មុខនឹងធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី៧របស់ខ្លួន ក្នុងពេលឆាប់ៗនេះ ។

នៅក្នុងកិច្ចប្រជុំនៅថ្ងៃចន្ទ នៅខាងក្រៅកិច្ចប្រជុំកំពូលក្រុម G20 លោក បៃដិន នឹងប្រាប់លោក ហ្ស៊ី ថា ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏ធំបំផុត របស់ក្រុងព្យុងយ៉ាង មាន “ចំណាប់អារម្មណ៍ ក្នុងការដើរតួនាទីស្ថាបនាក្នុងការទប់ស្កាត់និន្នាការដ៏អាក្រក់បំផុត របស់កូរ៉េខាងជើង” ទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan បានប្រាប់អ្នកយកព័ត៌មានដូច្នេះ ។

លោក បៃដិន ក៏នឹងប្រាប់ដល់លោក ហ្ស៊ី ថា ប្រសិនបើការកសាងមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង “បន្តដើរតាមផ្លូវនេះ វានឹងមានន័យថា វត្តមានយោធា និងសន្តិសុខរបស់អាមេរិក នៅក្នុងតំបន់រឹតតែបង្កើនឡើងបន្ថែមទៀត” ៕ ប្រែសម្រួលដោយ៖ ម៉ៅបុប្ផាមករា

To Top