ហៃណាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ថា នៅថ្ងៃសៅរ៍នេះ ប្រទេសចិនបានបាញ់បង្ហោះយានអវកាស នាំស្បៀង Tianzhou-5 ដើម្បីចែកចាយការផ្គត់ផ្គង់ សម្រាប់ស្ថានីយ៍អវកាសរបស់ប្រទេសនេះ ដែលធ្វើការសាងសង់ ហើយត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅឆ្នាំនេះ ។
យោងតាមទីភ្នាក់ងារអវកាសចិន ហៅកាត់ថា (CMSA) បានឱ្យដឹងថា គ្រាប់រ៉ុក្កែត Long March-7 Y6 ដែលផ្ទុកយានអវកាសTianzhou-5 បានបាញ់បង្ហោះនៅវេលាម៉ោង១០និង០៣នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ដោយបាញ់ចេញពីកន្លែងបាញ់បង្ហោះយានអវកាស Wenchang ក្នុងខេត្តកោះ ហៃណាន (Hainan) ស្ថិតនៅភាគខាងត្បូងប្រទេសចិន ។
បន្ទាប់ពីបាញ់បង្ហោះ បានប្រហែល១០នាទី យានអវកាស Tianzhou-5 បានបំបែកខ្លួនចេញពីគ្រាប់រ៉ុក្កែត ហើយចូលទៅក្នុងគន្លងតារាវិថីដែលបានកំណត់ ។ បន្ទះស្រូបពន្លឺព្រះអាទិត្យរបស់វាបានឆាប់លាត ហើយចាប់ផ្តើមដំណើរការ ។ ទីភ្នាក់ងារCMSA បានប្រកាសថា ការបាញ់បង្ហោះនេះទទួលបានជោគជ័យទាំងស្រុង ។
នៅម៉ោង១២និង១០នាទីយប់នេះ យានអវកាស Tianzhou-5 បានធ្វើការណាត់ជួបដោយស្វ័យប្រវត្តិយ៉ាងរហ័ស ហើយចូលចតនៅកំពង់ផែ ចតខាងក្រោយនៃម៉ូឌុលស្នូល របស់ស្ថានីយ៍អវកាស Tianhe ។
គួរបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលយាននាំស្បៀងរបស់ប្រទេសចិន បានបញ្ចប់ការជួបប្រជុំគ្នា ដោយស្វ័យប្រវត្តិ និងចូលចតយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប្រហែល២ម៉ោងប៉ុណ្ណោះ បង្កើតកំណត់ត្រាពិភពលោក ។
នេះបើយោងតាមលោក Pan Weizhen អ្នករចនាប្រព័ន្ធយាននាំស្បៀងមកពីបណ្ឌិត្យសភាបច្ចេកវិទ្យាអវកាសចិនបានលើកឡើងយ៉ាងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា