បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ទីក្រុងមូស្គូឈរតែម្នាក់ឯងក្នុងការប្រយុទ្ធប្រឆាំងនឹងប្លុកយោធាណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ហើយមានសមត្ថភាព អាចកម្ចាត់សត្រូវដោយខ្លួនឯងបាន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Medvedev ដែលជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ របស់ប្រទេស និងជាមេដឹកនាំគណបក្ស United Russia ដែលជាបក្សកាន់អំណាច បានសរសេរនៅលើបណ្តាញ Telegram របស់លោកកាលពីថ្ងៃសៅរ៍ថា “ប្រទេសរុស្ស៊ីតែម្នាក់ឯង កំពុងប្រយុទ្ធជាមួយអង្គការណាតូ និងលោកខាងលិច” ។
អតីតប្រធានាធិបតីរុស្ស៊ីរូបនេះ បាននិយាយទៀតថា “យើងអាចបំផ្លាញសត្រូវដ៏ខ្លាំងឬសម្ព័ន្ធមិត្ត របស់សត្រូវដោយខ្លួនឯង” ដោយបន្ថែមថា ក្នុងអំឡុងពេលសកម្មភាពយោធារបស់ខ្លួនទីក្រុងម៉ូស្គូ កំពុងស្វែងរកការការពារជីវិត របស់ទាហាននិងជនស៊ីវិលរបស់ខ្លួន។
លោក Medvedev បានសរសេរថា រុស្ស៊ីមិនទាន់បានប្រើប្រាស់ “ឃ្លាំងអាវុធពេញលេញរបស់ខ្លួន” នៅឡើយទេ ហើយមិនទាន់បានវាយប្រហារលើ “គោលដៅសត្រូវដែលមានសក្តានុពលទាំងអស់” នៅឡើយនោះដែរ។ លោកបានបន្ថែមថា “មានពេលវេលាសម្រាប់អ្វីគ្រប់យ៉ាង” ៕ សម្រួលៈ ណៃ តុលា