ព័ត៌មានអន្តរជាតិ

ការដកទ័ពចេញពីតំបន់ Kherson អាចជាអន្ទាក់របស់រុស្ស៊ី ដើម្បីទាក់ទាញកងទ័ពណាតូ

គៀវ៖ អ្នកវិភាគទូរទស្សន៍រដ្ឋរុស្ស៊ី បានបញ្ចេញនូវគំនិតមួយដែលថា ការដកថយរបស់ប្រទេសពីតំបន់ Kherson អាចជាផ្នែកមួយនៃ “ផែនការសម្ងាត់” ដើម្បីទាក់ទាញកងទ័ពរបស់អង្គការណាតូ ចូលទៅក្នុងអ៊ុយក្រែន ដើម្បីបំផ្លាញពួកគេ។

កងទ័ពរុស្ស៊ីបានបោះបង់ចោលទីក្រុង Kherson នៅដើមសប្តាហ៍នេះ ដោយអនុញ្ញាតឱ្យកងកម្លាំងអ៊ុយក្រែន ដើរចូលទៅក្នុងទីក្រុង ដោយមិនមានការប្រឆាំងអ្វីទាំងអស់។

ការដកថយនេះតំណាងឱ្យការថយក្រោយដ៏សំខាន់មួយ សម្រាប់ប្រធានាធិបតីរុស្ស៊ីលោក  វ្លាឌីមៀ ពូទីន បន្ទាប់ពីលោកបានបញ្ចូលខេត្តអ៊ុយក្រែនជាផ្លូវការ ចំនួនបួនចូលទៅក្នុងប្រទេស រួមទាំងតំបន់ Kherson កាលពីដើមឆ្នាំនេះ។

ពិធីករទូរទស្សន៍ Tigran Keosayan បានបង្ហាញខ្លួននៅក្នុងកម្មវិធីពិភាក្សាមួយ កាលពីថ្ងៃសៅរ៍ ជាកន្លែងដែលលោក បានលើកឡើងថា លោកសង្ឃឹមថា ការដកទ័ពរបស់រុស្ស៊ី គឺដើម្បីបញ្ឆោតកងទ័ពលោកខាងលិច ឱ្យទៅជាសន្តិសុខមិនពិត និងចាំវាយសង្គ្រប់មកវិញ។

នៅក្នុងឃ្លីបថ្ងៃទី១២ ខែវិច្ឆិកា ដែលបានចែករំលែកនៅលើបណ្ដាញ Twitter ដោយអ្នកឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី លោក Keosayan បានលើកឡើងថា “ខ្ញុំសង្ឃឹមថា ប្រហែលជានេះជាផែនការសម្ងាត់ ដើម្បីទាក់ទាញពួកគេ។ ចាំថា យើងបានពិភាក្សារឿងនេះ កាលពីមួយសប្តាហ៍មុនហើយ។ អ្នកបានឲ្យដឹងថា ទំនងជានេះ គឺជាអន្ទាក់ ប៉ុន្តែឥឡូវនេះ ខ្ញុំកំពុងនិយាយអំពីអន្ទាក់សកលបន្ថែមទៀត”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top