ព័ត៌មានអន្តរជាតិ

លោក Xi Jinping៖​ ស្វែងរកទិសដៅដ៏ត្រឹមត្រូវ ក្នុងការអភិវឌ្ឍទំនាក់ទំនង រវាងប្រទេសចិន និងអាមេរិក ដើម្បីជំរុញឲ្យទំនាក់ទំនងវិលត្រឡប់ ទៅមាគ៌ាការអភិវឌ្ឍ ប្រកបដោយស្ថិរភាពនិងរឹងមាំ

រសៀលថ្ងៃទី១៤ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោកXi Jinpingប្រធានរដ្ឋចិន បានអញ្ជើញជួបសន្ទនា ជាមួយលោកចូ បៃដិន ប្រធានាធិបតីអាមេរិក នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

លោកXi Jinpingបានលើកឡើងថា ប្រទេសចិននិងអាមេរិក បានឆ្លងកាត់ភ្លៀងនិងខ្យល់ព្យុះជាច្រើន ក្នុងរយៈពេលជាង៥០ឆ្នាំ ដោយមានការទទួលបានផង មានការបាត់បង់ផង បានបទពិសោធន៍ផង និងបានមេរៀនផង។ ប្រវត្តិសាស្ត្រជាសៀវភៅ បង្រៀនល្អបំផុត។ យើងត្រូវតែរៀនពីប្រវត្តិសាស្ត្រ ហើយសម្លឹងទៅអនាគត។បច្ចុប្បន្ន ស្ថានការណ៍ នៃទំនាក់ទំនងរវាងប្រទេសចិន និងអាមេរិក មិនស្របទៅនឹងផលប្រយោជន៍ជាក់ស្តែង របស់ប្រទេសនិងប្រជាជន នៃប្រទេសទាំង២ ចិននិងអាមេរិក ក៏មិនសមស្របទៅនឹងក្តីសង្ឃឹម របស់សហគមន៍អន្តរជាតិផងដែរ។

ក្នុងឋានៈជាអ្នកដឹកនាំនៃមហាអំណាចទាំងពីរ ចិននិងអាមេរិក គួរតែស្វែងរកទិសដៅដ៏ត្រឹមត្រូវ នៃការអភិវឌ្ឍទំនាក់ទំនង រវាងប្រទេសទាំង២ ដើម្បីជំរុញឲ្យទំនាក់ទំនង រវាងប្រទេសចិននិងអាមេរិកឡើងកម្រិត។ អ្នកនយោបាយគួរគិតពិចារណា និងបញ្ជាក់ឱ្យច្បាស់លាស់នូវទិសដៅ នៃការអភិវឌ្ឍរបស់ប្រទេសខ្លួន ក៏គួរគិតពិចារណា និងបញ្ជាក់ឱ្យច្បាស់លាស់ នូវវិធីសាស្ត្រចុះសម្រុងគ្នាជាមួយប្រទេសដទៃ និងជាមួយពិភពលោក។

លោកXi Jinpingបានថ្លែងបន្តទៀតថា បច្ចុប្បន្ន ការបម្រែបម្រួលនៃយុគសម័យ កំពុងលាតត្រដាងតាមរយៈវិធីដែលមិនធ្លាប់មាន សហគមន៍មនុស្សជាតិកំពុងប្រឈមមុខ នឹងបញ្ហាដែលមិនធ្លាប់មាន ពិភពលោកកំពុងឈរនៅផ្លូវខ្វែងគ្នា។ សហគមន៍អន្តរជាតិរំពឹងទុកជាទូទៅថា ប្រទេសចិន និងអាមេរិក អាចដោះស្រាយទំនាក់ទំនង រវាងប្រទេសទាំង២ឲ្យបានល្អ។ កិច្ចសន្ទនារបស់យើងនៅថ្ងៃនេះ ទាក់ទាញការចាប់អារម្មណ៍ទូទាំងពិភពលោក។ យើងត្រូវរួមជាមួយប្រទេសនានា ដើម្បីបង្កើនក្តីសង្ឃឹមដល់សន្តិភាពពិភពលោក បង្កើនជំនឿចិត្ត ដល់ស្ថិរភាពពិភពលោក ព្រមទាំងបន្ថែមកម្លាំងចលក សម្រាប់ការអភិវឌ្ឍរួម។ ខ្ញុំរីករាយរួមជាមួយលោកប្រធានាធិបតី ផ្លាស់ប្តូរមតិយោបល់ដោយស្មោះត្រង់ និងស៊ីជម្រៅជានិច្ច នូវបញ្ហាយុទ្ធសាស្ត្រនៃទំនាក់ទំនង រវាងប្រទេសចិននិងអាមេរិក និងបញ្ហាសកលនិងតំបន់សំខាន់ៗ។ ខ្ញុំក៏រំពឹងទុកថា រួមខិតខំប្រឹងប្រែងជាមួយ លោកប្រធានាធិបតី ដើម្បីជំរុញឲ្យទំនាក់ទំនង រវាងប្រទេសចិននិងអាមេរិក វិលត្រឡប់ទៅមាគ៌ាស្ថិរភាព និងស្អាតស្អម ផ្តល់សុខុមាលភាព ជូនចំពោះប្រទេសទាំង២ ព្រមទាំងផ្តល់ផលប្រយោជន៍ ដល់ពិភពលោកផងដែរ៕

To Top