ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន និងអាមេរិក ឈានដល់កិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងទ្វេភាគី ពិភាក្សាបញ្ហាអ៊ុយក្រែន

បាលី ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឈានដល់កិច្ចព្រមព្រៀង ជាបន្តបន្ទាប់ ស្តីពីការរក្សាកិច្ចសន្ទនាទ្វេភាគី និងការសម្របសម្រួលក្នុងវិស័យផ្សេងៗ ហើយបានផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាអ៊ុយក្រែន ។

កិច្ចប្រជុំនៅមុនកិច្ចប្រជុំកំពូល ក្រុមទាំង២០ នៅកោះរមណីយដ្ឋាន កោះបាលី ប្រទេសឥណ្ឌូនេស៊ី ប្រធានាធិបតីទាំងពីរបានឯកភាពថា ក្រុមការទូតរៀងៗ ខ្លួនគួរតែរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ និងធ្វើការ ពិគ្រោះយោបល់ជាប្រចាំ។

ក្រុមហិរញ្ញវត្ថុរបស់ភាគីទាំងពីរ នឹងបន្តការសន្ទនា និងការសម្របសម្រួលលើគោល នយោបាយម៉ាក្រូសេដ្ឋកិច្ច ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ហើយប្រទេសទាំងពីរ នឹងធ្វើការរួមគ្នាដើម្បីភាពជោគជ័យ នៃសន្និសីទលើកទី២៧ នៃភាគី នៃអនុសញ្ញាក្របខ័ណ្ឌអង្គការ សហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ។

មេដឹកនាំទាំងពីរ ក៏បានឈានដល់ការយោគយល់គ្នា លើការដឹកនាំកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសុខាភិបាលសាធារណៈ កសិកម្ម និងសន្តិសុខស្បៀង ហើយបានយល់ព្រមប្រើប្រាស់ ឱ្យបានល្អនូវទំនាក់ទំនងចិន-អាមេរិក ក្រុមការងាររួម ដើម្បីជំរុញការដោះស្រាយបញ្ហាបន្ថែមទៀត។

នៅក្នុងនោះដែរមេដឹកនាំទាំងពីរ ក៏បានឯកភាពថា ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនមានសារៈសំខាន់ខ្លាំងណាស់ ហើយបានសន្យាថា នឹងលើកទឹកចិត្តដល់ការ ពង្រីកការផ្លាស់ប្តូរ បែបនេះលើគ្រប់វិស័យ។

ស្តី​ពី​វិបត្តិ​អ៊ុយក្រែន លោក ស៊ី បាន​ចង្អុល​បង្ហាញ​ថា ចិន​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​នៅ​អ៊ុយក្រែន។ លោកបានកត់សម្គាល់ ចំណុចទាំង៤ អំពីអ្វីដែលត្រូវធ្វើ ដែលលោក បានស្នើឡើងភ្លាមៗ បន្ទាប់ពីការផ្ទុះឡើង នៃវិបត្តិ និងកិច្ចការបួនដែលសហគមន៍ អន្តរជាតិត្រូវធ្វើរួមគ្នា ដែលលោកបានស្នើនាពេលថ្មីៗនេះ ។

លោក ស៊ី បានលើកឡើងថា ការប្រឈមមុខនឹងវិបត្តិសកល និងរួមដូចប្រទេសអ៊ុយក្រែន វាជារឿងសំខាន់ក្នុងការគិតឱ្យបានហ្មត់ចត់ដល់ ៣ចំណុច។ ទី១ ជម្លោះ និងសង្រ្គាមបង្កើត ឱ្យគ្មានអ្នកឈ្នះ។ ទី២ គ្មានដំណោះស្រាយសាមញ្ញចំពោះបញ្ហាស្មុគស្មាញនោះទេ។ និងទី៣ ការប្រឈមមុខដាក់គ្នា រវាងប្រទេសធំៗត្រូវតែជៀសវាង។

លោក ស៊ី បានបន្ដថា ប្រទេសចិន បានឈរនៅខាងសន្តិភាព ហើយនឹងបន្តលើកទឹកចិត្តដល់ការចរចាសន្តិភាព។ ប្រទេសចិនគាំទ្រ និងទន្ទឹងរង់ចាំការបន្តកិច្ចចរចា សន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយសង្ឃឹមថា សហរដ្ឋអាមេរិក អង្គការណាតូ និងសហភាពអឺរ៉ុប នឹងធ្វើការសន្ទនាយ៉ាង ទូលំទូលាយជាមួយរុស្ស៊ី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top