ម៉ូស្គូ៖ នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin បានសន្យាថា នឹងវិនិយោគដ៏ធំក្នុងការ ផលិតម៉ាស៊ីនយន្តហោះ ដើម្បីកាត់បន្ថយការពឹងផ្អែក របស់ប្រទេសលើការផ្គត់ផ្គង់ ពីបរទេសចំពេលមានការ ដាក់ទណ្ឌកម្មកាន់តែខ្លាំង។
លោក Mishustin បានប្រាប់អ្នកសារព័ត៌មានថា “យើងនឹងពង្រីកការផលិតម៉ាស៊ីន យន្តហោះសម្រាប់ជួរទាំងមូល នៃយន្តហោះដឹកជញ្ជូនស៊ីវិល និងយោធាក្នុងស្រុក សម្រាប់គោលបំណងទាំងនេះ សាជីវកម្ម United Engine Corporation នឹងទទួលបានជាង ៤៤ពាន់លានរូបល (ប្រហែល ៧១៨ លានដុល្លារអាមេរិក) ជាមូលនិធិសហព័ន្ធ”។
លោកបានគូសបញ្ជាក់ពី ភាពចាំបាច់នៃការកាត់បន្ថយការ ពឹងផ្អែកជាអប្បបរមាលើវត្ថុធាតុដើម សមាសធាតុ និងឧបករណ៍បរទេសក្នុងបរិបទ នៃទណ្ឌកម្មខាងក្រៅ និងសារៈសំខាន់សម្រាប់ ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ក្នុងការបន្តកងនាវារបស់ពួកគេ ជាមួយនឹងយន្តហោះទំនើប ដែលផលិតនៅផ្ទះ។
លោក Mishustin បានស្នើសុំឱ្យក្រុមហ៊ុនផលិត ក្នុងស្រុកផលិតម៉ាស៊ីន PD-8 ប្រហែល ៥០ គ្រឿង ម៉ាស៊ីន PS-90A ចំនួន ២០គ្រឿង និងម៉ាស៊ីន PD-14 ចំនួន ១៤ គ្រឿងក្នុងរយៈពេលពីរឆ្នាំ ហើយបង្កើតគំរូម៉ាស៊ីន PD-35 ដែលមានកម្លាំងខ្លាំង នៅចុងឆ្នាំ២០២៤ ៕
ប្រែសម្រួល ឈូក បូរ៉ា