តូក្យូ៖ កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ របស់ប្រទេសជប៉ុន ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង អាចនឹងកាន់តែរឹងមាំ ជាងពេលណាៗទាំងអស់ ខណៈដែលមេដឹកនាំ របស់ប្រទេសទាំង៣ កាលពីចុងសប្តាហ៍ បានដាក់មូលដ្ឋានគ្រឹះសម្រាប់ការទទួលស្គាល់ការគំរាមកំហែងកាន់តែច្រើន លើសពីការគំរាមកំហែង ដែលបង្កឡើងដោយកូរ៉េខាងជើង។
លោក Tsuneo Watanabe អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមូលនិធិសន្តិភាព Sasakawa ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បានលើកឡើងថា “វាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលប្រទេសទាំង៣ បានយល់ព្រម លើកិច្ចសហប្រតិបត្តិការសន្តិសុខដ៏ទូលំទូលាយបែបនេះ” ។
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា និងសមភាគីអាមេរិក និងកូរ៉េខាងត្បូង លោក ចូ បៃដិន និងលោក Yoon Suk Yeol បានចេញសេចក្តីថ្លែងការណ៍រួមស្តីពី “ភាពជាដៃគូត្រីភាគីសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិក” កាលពីថ្ងៃអាទិត្យ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងភ្នំពេញដែលធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ក្រៅពីកូរ៉េខាងជើង ដែលបានបាញ់សាកល្បងមីស៊ីលផ្លោងក្នុងល្បឿន មិនធ្លាប់មានក្នុងឆ្នាំនេះ សេចក្តីថ្លែងការណ៍បានលើកឡើងពីស្ថានភាពជុំវិញកោះតៃវ៉ាន់ ការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន និងការពង្រឹងសន្តិសុខសេដ្ឋកិច្ច ជាបញ្ហាប្រឈមសំខាន់ សម្រាប់ក្រុងតូក្យូ វ៉ាស៊ីនតោន និងសេអ៊ូល។
នៅពេលដែលលោក បៃដិន បានជួបជាមួយ មេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង លោកបានលើកឡើងថា “ភាពជាដៃគូនេះមានសារៈសំខាន់ជាងអ្វី ដែលធ្លាប់មាន” នៅពីក្រោយបញ្ហាប្រឈមថ្មីៗទាំងនោះ។
លោក Watanabe អ្នកជំនាញខាងកិច្ចការការទូត របស់ជប៉ុន និងសហរដ្ឋអាមេរិក បានលើកឡើងថា ឯកសារថ្មីនេះមានសារសំខាន់យ៉ាងធំធេង សម្រាប់ក្របខណ្ឌត្រីភាគី ជាពិសេសសម្រាប់កូរ៉េខាងត្បូង ដោយកត់សម្គាល់ថា ការរៀបចំសន្តិសុខរបស់ខ្លួន ជាមួយប្រទេសផ្សេងទៀត សូម្បីតែជាមួយសហរដ្ឋអាមេរិក ក៏បានផ្តោតសំខាន់ លើកូរ៉េខាងជើង រហូតដល់ឥឡូវនេះផងដែរ៕ប្រែសម្រួល ឈូក បូរ៉ា