ប្រទេសកម្ពុជា បានបិទបញ្ចប់ដោយជោគជ័យ នូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅ នាទីក្រុងភ្នំពេញ។
ក្នុងចំណោម ប្រធានបទចម្បងៗជាច្រើន ដែលប្រមុខរដ្ឋាភិបាលអាស៊ាន បានលើកយកមកពិភាក្សា ការថែរក្សានិងពង្រឹងមជ្ឈភាពនិងសាមគ្គីភាព របស់អាស៊ាន គឺជាប្រធានបទស្នូល ដែលប្រមុខរដ្ឋាភិបាល អាស៊ានទាំងអស់ បានផ្ដោតការយកចិត្តទុកដាក់ យ៉ាងខ្លាំងទៅលើ។ ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍សំខាន់ៗ របស់ប្រមុខរដ្ឋាភិបាលអាស៊ាន បានបង្ហាញយ៉ាងច្បាស់ថា ថ្នាក់ដឹកនាំអាស៊ាន ចាត់ទុកការថែរក្សា និងការពង្រឹងមជ្ឈភាព និងសាមគ្គីភាព របស់អង្គការតំបន់នេះ គឺជាអាទិភាពកំពូលរបស់អាស៊ាន។
នៅក្នុងបរិបទ នៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ដែលកាន់តែកើនកម្ដៅ នៅលើឆាកអន្តរជាតិ ជាពិសេសការប្រកួតប្រជែង រវាងសហរដ្ឋអាមេរិក និងប្រទេសចិន អាស៊ាន ពិតជាប្រឈមនឹងការលំបាកយ៉ាងខ្លាំង ក្នុងការថែរក្សានិងពង្រឹង សាមគ្គីភាពនិងមជ្ឈភាព របស់ ខ្លួន។ ជាការពិត មេដឹកនាំអាស៊ាន បានបង្ហាញនូវក្ដីព្រួយបារម្ភ អំពីការប្រើប្រាស់ឥទ្ធិពល ដោយប្រទេសមហាអំណាចនានា ដើម្បីអូសទាញ និងដាក់សម្ពាធ ឲ្យប្រទេសសមាជិកអាស៊ាន ធ្វើការជ្រើសរើសចូលរួម ជាមួយក្រុមម្ខាងដើម្បីប្រឆាំងនឹង ក្រុមម្ខាងទៀត ដែលវានឹងធ្វើឲ្យអាស៊ានបាត់បង់សាមគ្គីភាព និងមជ្ឈភាពរបស់ខ្លួន។ ហេតុដូច្នេះហើយ នៅក្នុងសេចក្ដីថ្លែងការណ៍ របស់ខ្លួន មេដឹកនាំអាស៊ានបានអំពាវនាវឲ្យ ប្រទេសមហាអំណាចនានា គោរពមជ្ឈភាពរបស់អាស៊ាន។
នាពេលកន្លងមក មានការរិះគន់ និងវាយប្រហារឥតឈប់ឈរ ដែលមានលក្ខណៈជាប្រព័ន្ធ ដោយអ្នកនយោបាយ អ្នកស្រាវជ្រាវ និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ដោយចោទប្រកាន់ថាប្រទេសចិន គឺជាអ្នកបង្កឲ្យសាមគ្គីភាពនិងមជ្ឈភាព របស់អាស៊ានចុះខ្សោយ។ តែផ្ទុយទៅវិញ ជារៀងរហូតមក មេដឹកនាំចិនបានបញ្ជាក់យ៉ាងច្បាស់ នូវគោលជំហរឥតងាករេរបស់ខ្លួន ក្នុងការគោរពនិងគាំទ្រតួនាទីស្នូល របស់អាស៊ានក្នុងការដឹកនាំ កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។ កាលពីឆ្នាំ២០២១កន្លងទៅ លោកប្រធានរដ្ឋចិន ស៊ី ជិនពីង បានបញ្ជាក់នូវគោលជំហរ ឥតប្រែប្រួលរបស់ចិន ក្នុងការគាំទ្រមជ្ឈភាព របស់អាស៊ាននៅក្នុងគ្រប់យន្តការតំបន់ និងគាំទ្រការបំពេញតួនាទីកាន់តែធំឡើង របស់អាស៊ាន នៅក្នុងកិច្ចការតំបន់ និងអន្តជាតិ។ ប្រទេសចិន តែងតែគាំទ្រភាព ជាអ្នកដឹកនាំរបស់អាស៊ាន និងគាំទ្រការពង្រឹងយន្តការនានា ដែលដឹកនាំដោយអាស៊ាន ដូចជាយន្តការអាស៊ានបូក១ អាស៊ានបូក៣ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន ជាដើម។
ទន្ទឹមនឹងនេះ នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន ចិន លើកទី២៥ នាពេលថ្មីៗកន្លងទៅនេះ នាយករដ្ឋមន្ត្រីចិន លី ខឺឈាង ក៏បានបញ្ជាក់នូវការគាំទ្រ របស់ប្រទេសចិនចំពោះគំនិតផ្ដួចផ្ដើមថ្មី របស់អាស៊ានដែលមានឈ្មោះថា “ទស្សនវិស័យរបស់អាស៊ាន ស្ដីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក” ផងដែរ។ និយាយជារួម ប្រទេសចិន មិនគាំទ្រការបង្កើតយន្ដការថ្មីៗ ដើម្បីជំនួសយន្តការដែលមានស្រាប់ ដែលដឹកនាំដោយអាស៊ាន នោះឡើយ ដែលគោលជំហរនេះខុសប្លែក ទាំងស្រុង ពីគោលជំហររបស់អាមេរិក និងសម្ព័នមិត្ត របស់ខ្លួន ដែលជានិច្ចជាកាល បានព្យាយាមអូសទាញ និងដាក់សម្ពាធលើប្រទេសសមាជិកអាស៊ាន ឲ្យជ្រើសរើសចូលជាមួយក្រុមខ្លួន ដើម្បីប្រឆាំងចិន និងបានបង្កើតក្រុមប្លុកតំបន់ថ្មីៗ ដូចជា AUKUS និង QUARD ដើម្បីហ៊ុមព័ទ្ធចិន ដែលបង្ហាញពីការមិនផ្ដល់តម្លៃ របស់ពួកគេចំពោះតួនាទីស្នូល របស់អាស៊ាន និងជាការគំរាមកំហែង ចំពោះសាមគ្គីភាពនិងមជ្ឈភាព របស់អាស៊ាន។
នៅក្នុងសេចក្ដីថ្លែងការណ៍ របស់ខ្លួន ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានដាក់ចេញនូវយុទ្ធសាស្រ្ត ដើម្បីពង្រឹងសាមគ្គីភាពនិងមជ្ឈភាពរបស់អាស៊ាន ដោយផ្ដោតលើការពង្រឹងកំណើន សេដ្ឋកិច្ច និងការស្ដារសេដ្ចកិច្ចឡើងវិញ នៅក្រោយវិបត្តិកូវីដ និងការពង្រឹងភាពធន់មាំ ផ្នែកសេដ្ឋកិច្ចរបស់ខ្លួន។ បើអាស៊ានខ្លួនឯងពុំមាន កម្លាំងសេដ្ឋកិច្ចខ្លាំងក្លា និងពុំមានភាពធន់ មាំផ្នែកសេដ្ឋកិច្ច អាស៊ាន ពុំអាចនឹងបញ្ចុះបញ្ចូល ប្រទេសមហាអំណាចនានា ឲ្យគោរពមជ្ឈភាពរបស់ខ្លួន នោះឡើយ។ រហូតមកដល់ពេលនេះ ប្រទេសចិនគឺជាដៃគូ ដែលមិនអាចខ្វះបានរបស់អាស៊ាន ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការជុំរុញកំណើនសេដ្ឋកិច្ច ការស្ដារសេដ្ឋកិច្ចឡើងវិញ និងការពង្រឹងភាពធន់មាំផ្នែកសេដ្ឋកិច្ច របស់អាស៊ាន។ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់អាស៊ាន ក្នុងរយៈពេល១៣ឆ្នាំជាប់ៗគ្នាកន្លងទៅនេះ។
ក្នុងរយៈពេល១០ខែដំបូង នៃឆ្នាំ២០២២នេះ ពាណិជ្ជកម្មរវាងចិននិងអាស៊ាន បានកើនដល់ទំហំជិត៨០០ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើងជិត១៤% បើទោះបីជាមានវិបត្តិជំងឺកូវីដ ក៏ដោយ។ តំបន់ពាណិជ្ជកម្មសេរី អាស៊ាន ចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម រវាងភាគីទាំងពីរ ហើយទន្ទឹមនឹងនេះ ប្រទេសចិនក៏បានផ្ដួចផ្ដើមធ្វើការពិភាក្សាជាមួយអាស៊ាន ដើម្បីពង្រីកបន្ថែមនូវតំបន់ពាណិជ្ជកម្មសេរីនេះ (តំបន់សេដ្ឋកិច្ចសេរីអាស៊ាន ចិន ៣.០) និងបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មីៗ បន្ថែមទៀត ដូចជា គំនិតផ្ដួចផ្ដើមសន្តិសុខសកល និង គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល ដែលនឹងជួយជំរុញបន្ថែមទៀត នូវកំណើនសេដ្ឋកិច្ចនិងការស្ដារសេដ្ឋកិច្ចឡើងវិញ និងពង្រឹងភាពធន់មាំ ផ្នែកសេដ្ឋកិច្ចរបស់តំបន់នេះ នៅក្រោយវិបត្តិជំងឺកូវីដ។ ប្រទេសចិន ក៏បានសន្យាបង្កើតមូលនិធិ សម្រាប់ជួយគាំទ្រប្រទេសអាស៊ាននានា ក្នុងការស្ដារសេដ្ឋកិច្ច របស់ពួកគេឡើងវិញ នៅក្រោយវិបត្តិជំងឺកូវីដ ផងដែរ។
ទន្ទឹមនឹងនេះ ប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនសមាហរណកម្ម តភ្ជាប់នៅក្នុងតំបន់អាស៊ាន ដែលនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹងកំណើន សេដ្ឋកិច្ចនិងភាពធន់មាំ ផ្នែកសេដ្ឋកិច្ចរបស់អាស៊ាន។
តាមរយៈគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់និងផ្លូវរបស់ខ្លួន គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនដែលបាននិងកំពុងត្រូវអនុវត្ត នៅក្នុងតំបន់នេះ ដូចជា ផ្លូវរថភ្លើងដែលតភ្ជាប់ប្រទេសចិនជាមួយប្រទេសឡាវ ផ្លូវល្បឿនលឿន ពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងព្រះសីហនុ ផ្លូវរថភ្លើងល្បឿនលឿន ដែលតភ្ជាប់ទីក្រុងហ្សាកាតា ជាមួយទីក្រុងបានឌុង ផ្លូវរថភ្លើងឆ្នេរខាងកើតរបស់ប្រទេសម៉ាឡេស៊ី និងផ្លូវរថភ្លើង ដែលតភ្ជាប់ប្រទេសថៃ ជាមួយប្រទេសចិន ជាដើម នឹងដើរតួនាទីដ៏សំខាន់ ក្នុងការពង្រឹងសមាហរណកម្ម ក្នុងតំបន់ ព្រមទាំងពន្លឿនការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ និងពង្រឹងភាពធន់មាំផ្នែកសេដ្ឋកិច្ច របស់តំបន់នេះបន្ថែមទៀត។
និយាយដោយសង្ខេប គោលជំហរនិងសកម្មភាព ជាក់ស្ដែងរបស់ប្រទេសចិន នាពេលកន្លងមក បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសចិនគឺជាដៃគូដ៏សំខាន់ របស់អាស៊ាន ដែលបានជួយពង្រឹងកម្លាំងសេដ្ឋកិច្ច និងភាពធន់មាំផ្នែកសេដ្ឋកិច្ច របស់អាស៊ាន ដែលជាមូលដ្ឋានគ្រឹះសម្រាប់ ថែរក្សានិងពង្រឹងសាមគ្គីភាព និងមជ្ឈភាពរបស់អង្គការតំបន់នេះ ៕
អត្ថបទដោយ៖ លោកសាស្រ្តាចារ្យបណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជា សម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រ សតវត្សរ៍ទី២១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ