ព័ត៌មានអន្តរជាតិ

លោកXi Jinping អធិប្បាយយ៉ាងច្បាស់លាស់ អំពីបញ្ហាសំខាន់ៗ ក្នុងកិច្ចជំនួបរវាងប្រមុខរដ្ឋ នៃប្រទេសចិននិងអាមេរិក

ថ្ងៃទី១៤ ខែវិច្ឆិកា លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញទៅដល់កោះបាលី ចាប់ផ្តើមដំណើរទស្សនកិច្ច ជាលើកដំបូង បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០។ សកម្មភាពសំខាន់ទី១ នៃដំណើរទស្សនកិច្ច របស់លោកលើកនេះ គឺជួបសន្ទនាជាមួយលោកបៃដិន ប្រធានាធិបតីអាមេរិក។

លោកXi Jinping បានលើកឡើងថា ខ្ញុំរីករាយផ្លាស់ប្តូរមតិយោបល់ ដោយស្មោះត្រង់និងស៊ីជម្រៅ ជាមួយលោកប្រធានាធិបតី អំពីបញ្ហាយុទ្ធសាស្ត្រ នៃទំនាក់ទំនង រវាងប្រទេសចិននិងអាមេរិក និងបញ្ហាសកលនិងតំបន់សំខាន់ៗ។

ជាការឆ្លើយតប លោកបៃដិនក៏ថ្លែងថា ខ្ញុំរំពឹងទុកពីកិច្ចសន្ទនាជាប់លាប់ បើកទូលាយនិងស្មោះត្រង់។

លោក Xi Jinping បានគូសបញ្ជាក់ថា បច្ចុប្បន្ន ស្ថានការណ៍នៃទំនាក់ទំនង រវាងប្រទេសចិននិងអាមេរិក មិនសមស្របទៅនឹងផលប្រយោជន៍ជាក់ស្តែង របស់ប្រទេសនិងប្រជាជន នៃប្រទេសទាំង២ ចិននិងអាមេរិក នោះទេ ហើយក៏មិនសមស្របទៅនឹង ការរំពឹងទុករបស់សហគមន៍អន្តរជាតិ ផងដែរ។

លោកបានលើកឡើងថា គួរស្វែងរកទិសដៅដ៏ត្រឹមត្រូវ ក្នុងការអភិវឌ្ឍទំនាក់ទំនង រវាងប្រទេសចិននិងអាមេរិក ដើម្បីជំរុញឲ្យទំនាក់ទំនង រវាងប្រទេសចិននិងអាមេរិក វិលត្រឡប់ទៅរកមាគ៌ាអភិវឌ្ឍន៍ ប្រកបដោយស្ថិរភាព និងរឹងមាំ។

លោក Xi Jinping បានលើកឡើងថា ការរួមរស់រវាងប្រទេសចិននិងអាមេរិក ក្នុងយុគសម័យថ្មីត្រូវប្រកាន់ខ្ជាប់ គោលការណ៍៣ចំណុច គឺ គោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិសហវិជ្ជមាន ធ្វើកិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ។

លោកបន្តទៀតថា ពិភពលោកកំពុងស្ថិតនៅត្រង់ របត់នៃប្រវត្តិសាស្ត្រ ប្រទេសនានាត្រូវប្រឈមមុខនឹង បញ្ហាដែលមិនធ្លាប់មានផង ក៏ត្រូវក្តាប់ជាប់កាលានុវត្តភាព ដែលមិនធ្លាប់មានផងដែរ។ អ្នកដឹកនាំនៃប្រទេសចិននិងអាមេរិក ត្រូវតែដោះស្រាយទំនាក់ទំនង រវាងប្រទេសទាំង២ ដោយឈរលើចក្ខុវិស័យខ្ពស់។

លោក Xi Jinping បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិក មិនគួរក្លាយជាការប្រកួតប្រជែង ផលបូកសូន្យ ដែលចាញ់ឈ្នះតែម្ខាងនោះទេ ប្រទេសចិននិងអាមេរិក ទទួលបានជោគជ័យរៀងៗខ្លួន ជាកាលានុវត្តភាព របស់គ្នាទៅវិញទៅមក មិនមែនជាបញ្ហាប្រឈមនោះទេ។ ភាគីទាំង២ ត្រូវតែយល់ដឹងដោយត្រឹមត្រូវ នូវគោលនយោបាយជាតិ និងអន្តរជាតិ និងគោលបំណងយុទ្ធសាស្ត្រ របស់គូភាគី កំណត់វិធីសាស្ត្រប្រាស្រ័យទាក់ទង ដែលធ្វើកិច្ចសន្ទនា តែមិនមែនបដិបក្ខ ឈ្នះ-ឈ្នះ តែមិនមែនការប្រកួតប្រជែងផលបូកសន្យ។

ទាក់ទិននឹងបញ្ហាតៃវ៉ាន់ លោកXiJinpingបានលើកឡើងថា បញ្ហាតៃវ៉ាន់ជាចំណុចស្នូល នៃផលប្រយោជន៍ស្នូល របស់ប្រទេសចិន ជាមូលដ្ឋានគ្រឹះនៃមូលដ្ឋាននយោបាយ នៃទំនាក់ទំនងរវាង ប្រទេសចិននិងអាមេរិក និងជាខ្សែបន្ទាត់ក្រហមទី១ ដែលមិនអាចរំលងជាដាច់ខាត សម្រាប់ទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិក។

លោកបានគូសបញ្ជាក់ថា ការគោរពក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិនិងសេចក្តីថ្លែងការណ៍រួមទាំង៣រវាងប្រទេសចិននិងអាមេរិក នេះជាគន្លឹះសំខាន់ដែលភាគីទាំង២គ្រប់គ្រងការខ្វែងគំនិតនិងបង្ការការប៉ះទង្គិច និងជាបណ្តាញគាំពារនិងសន្តិសុខសំខាន់បំផុតក្នុងទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិក។

ប្រមុខរដ្ឋនៃប្រទេសទាំង២ ក៏បានផ្លាស់ប្តូរមតិយោបល់ដោយស្មោះត្រង់ អំពីបញ្ហាសកលនិងតំបន់សំខាន់ៗ ក្នុងនោះ សំខាន់បំផុតគឺវិបត្តិអ៊ុយក្រែន។

លោក Xi Jinping បានប្រាប់លោកបៃដិនថា ជានិច្ចកាល ភាគីចិនតែងតែឈរនៅម្ខាងសន្តិភាព គាំទ្រនិងរំពឹងទុកថា រុស្ស៊ីនិងអ៊ុយក្រែន អាចរៀបចំការចរចាសន្តិភាពឡើងវិញ ទន្ទឹមនឹងនេះ ក៏សង្ឃឹមថា អាមេរិក អង្គការណាតូ សហភាពអឺរ៉ុប អាចធ្វើកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ ជាមួយរុស្ស៊ី៕

To Top