ព័ត៌មានអន្តរជាតិ

សញ្ញាល្អ! មេដឹកនាំកំពូលអាមេរិក-ចិន យល់ស្របគ្នាថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែន ពិតជាមិនអាចទទួលយកបាន នោះទេ

បាលី៖ ចាត់ទុកថាជាសញ្ញាល្អមួយណាស់ទៅហើយ ដែលមេដឹកនាំកំពូល អាមេរិក-ចិន បានជំទាស់នឹងការវាយឆ្មក់ និងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែន នេះបើតាមការលើកឡើង របស់ប្រធានាធិបតីអាមេរិក បន្ទាប់ពីជំនួបជាលើកដំបូង ជាមួយសមភាគីចិន។

បន្ទាប់ពីកិច្ចប្រជុំកំពូលទល់មុខគ្នា លើកដំបូងចាប់តាំងពីគណបក្សប្រជាធិបតេយ្យ ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតី កាលពីពីរឆ្នាំមុន លោក បៃដិន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅកោះបាលីថា រូបលោក និងលោក ស៊ី ជីនពីង មានការសន្ទនា “បើកចំហ និងស្មោះត្រង់” អំពីចេតនា និងអាទិភាពរបស់គ្នាទៅវិញទៅមក។

កិច្ចពិភាក្សារយៈពេល ៣ម៉ោងនៅក្រៅកិច្ចប្រជុំកំពូល G20 នៅឯរមណីយដ្ឋានឥណ្ឌូណេស៊ី ត្រូវបានកំណត់ពេលក្នុងគោលបំណង ធានាឱ្យមានការប្រជែងគ្នា រវាងសហរដ្ឋអាមេរិក និងចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

លោក បៃដិន ដែលបានចូលរួមក្នុងកិច្ចប្រជុំចង់បង្កើត “បន្ទាត់ក្រហម” រៀងៗខ្លួនជាមួយប្រធានាធិបតីចិន បានលើកឡើងថា “យើងនឹងប្រកួតប្រជែងយ៉ាងខ្លាំងក្លា ប៉ុន្តែខ្ញុំមិនស្វែងរកជម្លោះនោះទេ” ។

លោកបន្ដថា “យើងបានពិភាក្សាអំពីការឈ្លានពាន របស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ហើយបញ្ជាក់ឡើងវិញនូវជំនឿរួម របស់យើងដែលថា ការគំរាមកំហែង ឬការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺមិនអាចទទួលយកបានទាំងស្រុង” ដោយលោក បៃដិន បាននិយាយដោយងក់ក្បាល ចំពោះការព្រួយបារម្ភថា វិមានក្រឹមឡាំងអាចងាកទៅរក អាវុធយុទ្ធសាស្ត្រ ដើម្បីបង្វែរជំនោរសង្គ្រាមនៅអ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top