បរទេស៖ អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា របាយការណ៍ដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីការមកដល់របស់លោក នៅក្នុងកិច្ចប្រជុំកំពូល G20 នៅលើកោះបាលី របស់ប្រទេសឥណ្ឌូនេស៊ី គឺជា “ព័ត៌មានក្លែងក្លាយ កម្រិតកំពូល” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Zakharova ដែលនៅលើកោះនោះផងដែរបាននិយាយថា លោកស្រីបានអានរឿង ក្នុងប្រព័ន្ធផ្សព្វផ្សាយ អាមេរិកនិងអង់គ្លេសជាមួយរដ្ឋមន្ត្រីការបរទេស ហើយយើងមិនជឿភ្នែករបស់យើងទេ។
នៅក្នុងវីដេអូមួយ លោក Lavrov បានបង្ហាញថា លោកមិននៅក្នុងមន្ទីរពេទ្យទេ។ មន្ត្រីជើងចាស់ បានប្រដូចរបាយការណ៍នេះ ទៅនឹងការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិច មិនពិតជាច្រើនឆ្នាំ អំពីសុខភាពរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។
ទីភ្នាក់ងារព័ត៌មាន AP និងសារព័ត៌មានមួយចំនួនផ្សេងទៀត របស់លោកខាងលិច បានរាយការណ៍កាលពីថ្ងៃចន្ទថា លោក Lavrov ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានបញ្ហា បេះដូងភ្លាមៗ បន្ទាប់ពីបានមកដល់កោះបាលី។
ក្រោយមក លោកស្រី Zakharova បានបង្ហោះឃ្លីបខ្លីមួយនៅលើ Telegram ដែលបង្ហាញថា លោក Lavrov អង្គុយនៅខាងមុខនៃបន្ទប់សណ្ឋាគារ របស់គាត់ជាមួយនឹង សម្លៀកបំពាក់ខោខ្លី និងអាវយឺតហើយលោក កំពុងធ្វើការ៕
ប្រែសម្រួលៈ ណៃ តុលា