ព័ត៌មានអន្តរជាតិ

G-20 ឈានមិនដល់ការមូលមតិគ្នា ក្នុងការថ្កោលទោស​ការ ធ្វើសង្គ្រាមរបស់រុស្ស៊ី ​នៅ​អ៊ុយក្រែន

ឥណ្ឌូនេស៊ី៖ មេដឹកនាំនៃក្រុមសេដ្ឋកិច្ចទាំង ២០ បានប្រឈមមុខនឹងបញ្ហាកាលពីថ្ងៃអង្គារ ជុំវិញការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន នៅថ្ងៃបើកកិច្ចប្រជុំកំពូល លើកដំបូងរបស់ពួកគេ ចាប់តាំងពីសង្រ្គាមត្រូវបាន ចាប់ផ្តើមក្នុងខែកុម្ភៈ ទោះបីជាប្រទេសជាសមាជិកភាគច្រើន ចង់បរិហារទីក្រុងម៉ូស្គូ នៅក្នុងសេចក្តីថ្លែងការណ៍មួយក៏ដោយ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរំលងកិច្ចប្រជុំនៅលើ កោះរមណីយដ្ឋានកោះបាលី ខណៈដែលមេដឹកនាំអាមេរិក និងចិន បានចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិ ទល់មុខគ្នាជាលើកដំបូងចាប់តាំងពី លោកប្រធានាធិបតី ចូបៃដិន ចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២១។

រុស្សី ដែលសេដ្ឋកិច្ចរបស់ខ្លួន រងការប៉ះពាល់យ៉ាងខ្លាំងដោយការ ដាក់ទណ្ឌកម្មដោយបណ្តាប្រទេស លោកខាងលិចនោះ បានបញ្ជូនរដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov ទៅកាន់កោះបាលី ក្នុងនាមអ្នកតំណាងឲ្យលោក ពូទីន ខណៈដែលសង្រ្គាមប្រឆាំងនឹង អ៊ុយក្រែននៅតែបន្ត។

សេចក្តីប្រកាសសេចក្តីព្រាងមួយ ដែលត្រូវបានទទួលដោយ ទីភ្នាក់ងារសារព័ត៌មាន Kyodo News បានឲ្យដឹងថា “សមាជិកភាគច្រើនបានថ្កោលទោសយ៉ាងខ្លាំង ចំពោះសង្រ្គាមនៅអ៊ុយក្រែន” ដោយទាមទារឱ្យរុស្ស៊ី “ដកខ្លួនទាំងស្រុង និងដោយគ្មានលក្ខខណ្ឌ” ពីទឹកដីរបស់អ្នកជិតខាងខ្លួន។

ទន្ទឹមនឹងនោះ សេចក្តីព្រាងសេចក្តីថ្លែងការណ៍បានឲ្យដឹងថា “មានទស្សនៈផ្សេងទៀត និងការវាយតម្លៃផ្សេងៗគ្នាអំពីស្ថានភាព និងការដាក់ទណ្ឌកម្ម” ដែលឆ្លុះបញ្ចាំងពីការប្រេះឆាក្នុងចំណោមរដ្ឋ G-20 ជុំវិញជំហររបស់ពួកគេចំពោះរុស្ស៊ី។

ក្រោយមកកាលពីថ្ងៃអង្គារ លោក Lavrov ត្រូវបានដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ី ដែលបានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានមួយថា “លោកខាងលិច បានបន្ថែមឃ្លាថា “គណៈប្រតិភូជាច្រើនបានថ្កោលទោសរុស្ស៊ី” ប៉ុន្តែ យើងបានកត់សម្គាល់ថា ទស្សនៈជំនួសក៏ត្រូវបាន គូសបញ្ជាក់ផងដែរ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top