ព័ត៌មានអន្តរជាតិ

តួកគី ចាប់ឃុំខ្លួនមនុស្ស ៥០នាក់ ដោយសង្ស័យថា មានទំនាក់ទំនងទៅនឹងការវាយប្រហារ បំផ្ទុះគ្រាប់បែកនៅអ៊ីស្តង់ប៊ុល

អង់ការ៉ា៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Bekir Bozdag បានឲ្យដឹងថា តួកគី បានឃុំខ្លួនជនសង្ស័យចំនួន ៥០ នាក់ជុំវិញការវាយប្រហារដោយ គ្រាប់បែកដ៏សាហាវនៅកណ្តាល ទីក្រុងអ៊ីស្ដង់ប៊ុល កាលពីដើមសប្តាហ៍នេះ។

លោក Bozdag បានប្រាប់សភាថា អ្នកជាប់ឃុំរួមមានស្ត្រីជនជាតិស៊ីរីម្នាក់ ដែលត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីឧប្បត្តិហេតុ សម្រាប់ការសង្ស័យថា បានទម្លាក់គ្រាប់បែកដែលបានផ្ទុះនៅលើផ្លូវ Istiklal ។

លោក​បាន​បន្ត​ថា “​បន្ទាប់​មក មនុស្ស​ជា​ច្រើន​ដែល​ជួយ​ភេរវជន​នេះ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ មាន​ទំនាក់ទំនង​ជាមួយ​ភេរវករ​នេះ​ក៏​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ផង​ដែរ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប៉ូលិសតួកគីបានឲ្យដឹងថា ស្ត្រីជនជាតិស៊ីរី បានសារភាពថា នាងបានទទួលបញ្ជាវាយប្រហារ ពីគណបក្សពលករឃឺដ (PKK) ដែលមិនស្របច្បាប់ និងការបាញ់ប្រហាររបស់ខ្លួន នៅក្នុងប្រទេសស៊ីរី ដែលជាអង្គភាពការពារប្រជាជន (YPG) ។ ដែលទាំងពីរនេះ ត្រូវបានចុះបញ្ជីជាអង្គការភេរវករ ដោយរដ្ឋាភិបាលតួកគី។

ការ​បំផ្ទុះ​កាលពី​រសៀល​ថ្ងៃអាទិត្យ​ បាន​វាយប្រហារ​លើ​វិថី​ដែល​ មាន​មនុស្ស​កកកុញ​ដោយ​បណ្តាល​ ឱ្យ​មនុស្ស​ស្លាប់​៦​នាក់ និង​របួស​៨១​នាក់​។ រដ្ឋមន្ត្រីសុខាភិបាលតួកគីលោក Fahrettin Koca បានឲ្យដឹងថា អ្នករងរបួសចំនួន ៥៨ នាក់ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ខណៈ ១៧ នាក់នៅតែកំពុងទទួលការព្យាបាល និង ៦ នាក់កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top