ព័ត៌មានអន្តរជាតិ

Update៖ លោក ចូ បៃដិន ថ្លែងថា មីស៊ីលផ្លោងចូលប្រទេសប៉ូឡូញ ស្លាប់មនុស្ស២នាក់ ហើយទំនងជាមិនមែនរុស្ស៊ី បាញ់នោះទេ

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានថ្លែងនៅថ្ងៃពុធនេះថា មីស៊ីលដែលបានសម្លាប់មនុស្ស ២នាក់ នៅក្នុងប្រទេសប៉ូឡូញ ប្រហែលជាមិនត្រូវបានបាញ់ ចេញពីប្រទេសរុស្ស៊ីនោះទេ បន្ទាប់ពីបានជួបពិភាក្សាជាមួយមេដឹកនាំ នៃសម្ព័ន្ធមិត្តលោកខាងលិច ស្របពេលមានការព្រួយបារម្ភថា ជម្លោះអ៊ុយក្រែនអាចឈានចូល ទៅក្នុងប្រទេសជិតខាង ។

គួររំលឹកថា កាលពីថ្ងៃអង្គារនៅឯ រោងចក្រគ្រាប់ធញ្ញជាតិ១កន្លែង នៅជិតព្រំដែនអ៊ុយក្រែន បានកើតឡើងនៅគ្រាដែលប្រទេសរុស្ស៊ី បានបញ្ចេញរលកនៃកាំជ្រួច តម្រង់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ ថាមពលអ៊ុយក្រែនដែលជា ការវាយប្រហារដែលទីក្រុងគៀវ បានឲ្យដឹងថា ជាការវាយប្រហារខ្លាំងបំផុត ក្នុងរយៈពេលជិត ៩ខែនៃសង្រ្គាម ។

ក្រសួងការបរទេសប៉ូឡូញបានឲ្យដឹងថា គ្រាប់មីស៊ីលបានធ្លាក់លើភូមិ Przewodow ដែលជាភូមិមួយមានចម្ងាយប្រហែល ៦ គីឡូម៉ែត្រ ពីព្រំដែនជាមួយអ៊ុយក្រែន ។

ទីភ្នាក់ងារសារព័ត៌មាន AP បានផ្សាយថា យោងតាមមន្ត្រីអាមេរិក ការរកឃើញដំបូងបានបង្ហាញថា មីស៊ីលដែលបានវាយប្រហារ ក្នុងប្រទេសប៉ូឡូញ ត្រូវបានបាញ់ដោយកងកម្លាំងអ៊ុយក្រែន ។

នៅមុននេះ លោក Andrzej Duda ប្រធានាធិបតីប៉ូឡូញ បានប្រាប់ដល់អ្នកយកព័ត៌មានថា វាជា “ភាគច្រើនទំនងជាមីស៊ីល ដែលផលិតដោយរុស្ស៊ី” ប៉ុន្តែមិនមានភស្តុតាងច្បាស់លាស់ថា អ្នកណាជាអ្នកបាញ់នោះទេ ហើយឧបទ្ទវហេតុនេះ គឺកើតឡើងតែម្តង ។

ប្រជាពលរដ្ឋម្នាក់សុំ មិនបញ្ចេញឈ្មោះបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ជាបុរសនៅជិតកន្លែងថ្លឹងគ្រាប់ធញ្ញជាតិ ។

ក្រសួងការពារជាតិរុស្ស៊ីបានបដិសេធថា រាល់មីស៊ីលរុស្ស៊ីណាមួយ បានបាញ់ដល់ទឹកដីប៉ូឡូញ ដោយពណ៌នាពីរបាយការណ៍បែបនេះថា ជា “ការបង្កហេតុដោយចេតនាក្នុងគោលបំណង ធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង” ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងថា លោកមិនមានព័ត៌មានអំពីការផ្ទុះ នៅក្នុងប្រទេសប៉ូឡូញនោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top