តូក្យូ ៖ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលប្រភេទ ICBM មួយគ្រាប់ ដែលទំនងជាធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ប្រទេសជប៉ុន ដែលជំរុញឲ្យនាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានថ្កោលទោសថា សកម្មភាពនេះ គឺពិតជាមិនអាចទទួលយកបាននោះទេ។
ប្រធានគណៈរដ្ឋមន្រ្តីជប៉ុនលោក Hirokazu Matsuno បានលើកឡើងថា មីស៊ីល ដែលត្រូវបានបាញ់បង្ហោះខាងលើនេះ ទំនងជាប្រភេទមីស៊ីល ICBM ដែលហោះហើរបានកម្ពស់ ១០០០គីឡូម៉ែត្រ និងចម្ងាយរហូតដល់ ៦០០០គីឡូម៉ែត្រ ដោយបន្ថែមថា រដ្ឋាភិបាលជប៉ុន មិនបានចេញបញ្ជាឲ្យបាញ់ កំទេចមីស៊ីលនេះចោលនោះទេ។
មីស៊ីលនេះ ត្រូវបានបាញ់ចេញនៅម៉ោង ១០ និង ១៤នាទីព្រឹកនេះ ចេញពីជិតឆ្នេរសមុទ្រភាគខាងកើតឧបទ្វីបកូរ៉េ ហើយបើយោងក្រសួងការពារជាតិ បានឲ្យដឹងថា ការបាញ់បង្ហោះនេះ ធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លី មួយគ្រាប់កាលពីម្សិលមិញនេះ ចេញពីឆ្នេរសមុទ្រភាគខាងកើតប្រទេស ។
លោកនាយករដ្ឋមន្រ្ដជប៉ុន ហ្វូមីអូ គីស៊ីដា បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុង បាងកកប្រទេសថៃឲ្យដឹងថា កូរ៉េខាងជើង កំពុងរៀបចំការបង្កហេតុ ហើយវាពិតជាមិនអាចទទួលយកបាននោះទេ ដោយលោកបន្ថែមថា គ្មានរបាយការណ៍ស្ដីពីការប៉ះពាល់ ដល់យន្ដហោះ ឬនាវានោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា