បាងកក៖ មេដឹកនាំនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសចំនួន ៣ផ្សេងទៀតបានថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះការបាញ់មីស៊ីលផ្លោង របស់កូរ៉េខាងជើង នៅថ្ងៃសុក្រនេះនៅពេលពួកគេ បើកកិច្ចប្រជុំបន្ទាន់មួយក្នុងអំឡុងពេល កិច្ចប្រជុំកំពូលវេទិកាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងបាងកក។
ប្រទេសចំនួន៣ទៀតគឺកាណាដា អូស្ត្រាលី និងនូវែលសេឡង់។ ប្រទេសទាំង៦ បានយល់ព្រមថាការបាញ់បង្ហោះនេះគឺជា “ការរំលោភយ៉ាងធ្ងន់ធ្ងរលើ ដំណោះស្រាយជាច្រើនរបស់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ” និង “មិនអាចទទួលយកបានទាំងស្រុង” នេះបើយោងតាមរដ្ឋាភិបាលជប៉ុន និងសហរដ្ឋអាមេរិក។
ពួកគេបានឲ្យដឹងថា មេដឹកនាំបានអះអាងសារជាថ្មីនូវ ការសាកល្បងនុយក្លេអ៊ែរ របស់កូរ៉េខាងជើង “នឹងត្រូវបានឆ្លើយតបយ៉ាងរឹងមាំ និងម៉ឺងម៉ាត់” ហើយថា ពួកគេនឹងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបាននូវការរំសាយ អាវុធនុយក្លេអ៊ែរពេញលេញរបស់ប្រទេស។
ក្រុងព្យុងយ៉ាង បាននឹងកំពុងបាញ់មីស៊ីលផ្លោង ក្នុងល្បឿនមិនធ្លាប់មានក្នុងឆ្នាំនេះ ហើយអាចនឹងធ្វើការសាកល្បងនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
នៅក្នុងកិច្ចប្រជុំបន្ទាន់ ដែលកោះប្រជុំដោយអនុប្រធានាធិបតី សហរដ្ឋអាមេរិកលោកស្រី Kamala Harris ប្រទេសទាំង៦ បានអំពាវនាវឱ្យកូរ៉េខាងជើង “បោះបង់ការបង្កហេតុ ដែលមិនចាំបាច់ ហើយត្រឡប់ទៅរកការទូត និងនិរន្តរភាព” ដោយលើកឡើងថា “ផ្លូវទៅកាន់ការសន្ទនានៅតែបើកចំហជានិច្ច” ៕
ប្រែសម្រួល ឈូក បូរ៉ា