ព័ត៌មានអន្តរជាតិ

អង់គ្លេស ព្រមានពីការគំរាមកំហែង ដោយអ៊ីរ៉ង់ និងរុស្ស៊ី លើសន្ដិសុខនៅមជ្ឈឹមបូព៌ា

ឡុងដ៌៖ អង់គ្លេសជឿថា សកម្មភាពរបស់អ៊ីរ៉ង់ និងរុស្ស៊ី កំពុងបង្កការគំរាមកំហែង ដល់សន្តិសុខនៃមជ្ឈិមបូព៌ា រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស លោក James Cleverly ដែលប្រាប់ទៅកាន់វេទិកាសន្តិសុខ ក្នុងតំបន់នៅប្រទេសបារ៉ែន ។

ទីក្រុងតេអេរ៉ង់ បានទទួលស្គាល់ថា ខ្លួនបានផ្គត់ផ្គង់ដល់ទីក្រុងមូស្គូ ជាមួយនឹងយន្តហោះដ្រូន ប៉ុន្តែបានលើកឡើងថា ពួកគេត្រូវបានបញ្ជូនមុនពេល ដែលសង្រ្គាមនៅអ៊ុយក្រែន បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ។

សហរដ្ឋ​អាមេរិក​បានឲ្យដឹងថា រុស្ស៊ី​បាន​ប្រើ​យន្តហោះ​ដ្រូន ដែល​ទិញ​ពី​ប្រទេស​អ៊ីរ៉ង់ ​ដើម្បី​វាយ​ប្រហារ​ទីក្រុង និង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ នៅ​អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។

អ៊ីរ៉ង់​ក៏​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ ពី​ការ​វាយ​ប្រហារ​ផ្សេងៗ​ លើ​ការ​ដឹក​ជញ្ជូន និង​ការ​ផ្គត់ផ្គង់​សព្វាវុធ​ដល់​ក្រុម​ជីវពល ចាប់​ពី​ក្រុម Hezbollah ក្នុង​ប្រទេស​លីបង់​ដល់​ក្រុម​ឧទ្ទាម Houthi ក្នុង​ប្រទេស​យេម៉ែន។

លោក Cleverly នឹងឲ្យដឹងនៅក្នុងសុន្ទរកថា “អាវុធដែលផ្គត់ផ្គង់ដោយអ៊ីរ៉ង់ គំរាមកំហែងដល់តំបន់ទាំងមូល។ សព្វថ្ងៃនេះ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មានភាពជឿនលឿនជាងពេលមុនៗ ហើយរបបនេះបានងាក ទៅលក់ឲ្យរុស្ស៊ី នូវយន្តហោះដ្រូនប្រដាប់អាវុធ ដែលកំពុងសម្លាប់ជនស៊ីវិល ក្នុងប្រទេសអ៊ុយក្រែន”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top