ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន ប្រឆាំងនឹងការផ្លាស់ប្តូរ ស្ថានភាពឥណ្ឌូប៉ាស៊ីហ្វិក ដោយកងកម្លាំង

បាងកក៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានសម្តែងការប្រឆាំងរបស់លោក ចំពោះការប៉ុនប៉ង ដើម្បីផ្លាស់ប្តូរស្ថានភាពជាឯកតោភាគី ដោយកម្លាំងនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសនៅអាស៊ីបូព៌ា ដោយលើកឡើងថា ការអនុវត្តបែបនេះដែលត្រូវបានគេឃើញ នៅក្នុងសង្គ្រាមអ៊ុយក្រែន “ធ្វើឱ្យរង្គោះរង្គើមូលដ្ឋាន នៃសណ្តាប់ធ្នាប់អន្តរជាតិ” ។

សុន្ទរកថារបស់លោក នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលវេទិកា សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក រយៈពេលពីរថ្ងៃនៅ ទីក្រុងបាងកក ត្រូវបានធ្វើឡើងចំពេល មានការកើនឡើងសម្ពាធយោធា របស់ចិនលើកោះតៃវ៉ាន់។

នាយករដ្ឋមន្ត្រីបានជំរុញឱ្យប្រទេសពាក់ព័ន្ធសហការ និងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ខណៈដែលប្តេជ្ញាជំរុញការរារាំងសម្ព័ន្ធភាពសន្តិសុខជប៉ុន-អាមេរិក។

លោក គីស៊ីដា ក៏បានឲ្យដឹងផងដែរថា ប្រទេសជប៉ុន នឹងពង្រឹងទំនាក់ទំនងជាមួយ “Global South” ឬប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់ដូចជាអាហ្រ្វិក និងអាមេរិកឡាទីន ដើម្បីបញ្ឈប់ “ការបែកបាក់ ដែលកំពុងកើនឡើង” នៅក្នុងសហគមន៍អន្តរជាតិ ដែលបណ្តាលមកពីវិបត្តិអ៊ុយក្រែន។

មេដឹកនាំជប៉ុន ដែលបានរៀបចំកិច្ចពិភាក្សា កិច្ចប្រជុំកំពូលទ្វេភាគី ជាបន្តបន្ទាប់ក្នុងដំណើរបំពេញទស្សនកិច្ច រយៈពេលមួយសប្តាហ៍ របស់លោកទៅកាន់អាស៊ីអាគ្នេយ៍ បានលើកឡើងថា លោកមានការសន្ទនា “ស្ថាបនា” ជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ។

នៅពេលសួរអំពីរបៀប ដែលប្រទេសជប៉ុន នឹងទាក់ទាញភ្ញៀវបរទេស លោក គីស៊ីដា បានលើក៉ើងថា ទីក្រុងតូក្យូ បានបន្ធូរបន្ថយការរឹតបន្តឹងការចូលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ កាលពីខែមុន ហើយបានចាប់ផ្តើមគម្រោង ដែលផ្តល់បទពិសោធន៍ពិសេស ដល់ភ្ញៀវទេសចរ ដូចជាការបើកឱ្យភ្ញៀវចូលទស្សនាតំបន់ក្រៅដែនកំណត់នៃទ្រព្យសម្បត្តិវប្បធម៌របស់ប្រទេសជាដើម៕

ប្រែសម្រួល ឈូក បូរ៉ា

To Top