កូឡាឡាំពួរ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃសៅរ៍ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា បណ្តាមជណ្ឌលបោះឆ្នោត បានបិទនៅក្នុងការបោះឆ្នោតសកល លើកទី១៥ របស់ប្រទេសម៉ាឡេស៊ីនៅថ្ងៃសៅរ៍នេះ ដោយមានបេក្ខជនជាង៩០០នាក់ បានប្រកួតប្រជែងដណ្តើម យកកន្លែងមួយនៅក្នុងសភា ដែលមាន២២២ អាសនៈរបស់ប្រទេសនេះ ។
ការបោះឆ្នោតសម្រាប់អាសនៈចំនួន២គឺ Padang Serai នៅ Kedah និង Baram នៅ Sarawak ត្រូវបានពន្យារពេល ។
សូមតាមដានការវិវត្តន៍ ចុងក្រោយបំផុត នៅទីនេះ នៅក្នុងអ្វីដែលគេរំពឹងថា នឹងក្លាយជាការបោះឆ្នោត ដែលមានការប្រកួតប្រជែង ដ៏ក្តៅគគុកបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសម៉ាឡេស៊ី ។
ប្រធានសម្ព័ន្ធប្រជាធិបតេយ្យ រួបរួមរបស់ម៉ាឡេស៊ី (MUDA) លោក Syed Saddiq Syed Abdul Rahman បានមកដល់មជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយ Pakatan Harapan ក្នុងទីក្រុងកូឡាឡាំពួរ ។
គាត់កំពុងការពារអាសនៈសភា Muar របស់គាត់ដែលគាត់បានឈ្នះនៅឆ្នាំ២០១៨ ។
លោក Syed Saddiq បានក្លាយជារដ្ឋមន្ត្រីវ័យក្មេងបំផុត របស់ប្រទេសម៉ាឡេស៊ីនៅអាយុ២៥ឆ្នាំ នៅគ្រាដែលគាត់បានចូលរួមជាមួយរដ្ឋាភិបាល Pakatan Harapan ក្រោមការដឹកនាំ របស់អតីត នាយករដ្ឋមន្ត្រី Mahathir Mohamad ក្នុង២០១៨ ។ គាត់បានលាចេញពីតំណែង បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាល ២ឆ្នាំក្រោយមក ។
បន្ទាប់ពីចាកចេញ ពីរដ្ឋាភិបាល លោក Syed Saddiq ក៏បានចាកចេញពី Parti Pribumi Bersatu Malaysia (Bersatu) ជាកន្លែងដែលគាត់ ក៏ជាប្រធានក្រុមយុវជនរបស់ខ្លួនគឺ Armada ។ ក្រោយមកគាត់បានបង្កើត MUDA នៅខែកញ្ញា ឆ្នាំ ២០២០ ។
នៅក្នុងការបង្ហោះហ្វេសប៊ុកកាលពីដើមខែនេះ គាត់បានបដិសេធការ ជាប់ពាក់ព័ន្ធរបស់គាត់ក្នុងការប្រព្រឹត្ត អំពើពុករលួយណាមួយក្នុងអំឡុង ពេលរបស់គាត់ជាសមាជិកសភា Muar ហើយបានសង្កត់ធ្ងន់លើការទទួលខុសត្រូវ របស់គាត់ចំពោះប្រជាជន ក្នុងតំបន់ដោយបន្ថែមថា មនសិការរបស់គាត់ច្បាស់លាស់ ។
បច្ចុប្បន្នលោក Syed Saddiq កំពុងប្រឈមមុខនឹងការកាត់ទោសពីបទចោទប្រកាន់ ចំនួន៤ពីបទ កេងប្រវ័ញ្ចទ្រព្យសម្បត្តិ ការលាងលុយកខ្វក់ និងការរំលោភបំពានលើការជឿទុកចិត្ត ។ គាត់ត្រូវបានគេចោទប្រកាន់ពីបទចោទ ប្រកាន់ខណៈគាត់នៅជាមួយ Bersatu ចន្លោះខែមេសា ឆ្នាំ២០១៨ ដល់ ខែមីនា ឆ្នាំ២០២០ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា