ព័ត៌មានអន្តរជាតិ

Update៖ ព្រះមហាក្សត្រម៉ាឡេស៊ី ស្នើឲ្យក្រុមចម្រុះដែលមានចំនួនអាសនៈ ភាគច្រើនក្នុងការបោះឆ្នោត បង្ហាញវត្តមាននៅព្រះបរមរាជវាំង ដើម្បីរៀបចំកិច្ចសហប្រតិបត្តិការ បង្កើតរដ្ឋាភិបាលថ្មី

កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ថា ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី Al-Sultan Abdullah Ri’ayatuddin Al-Mustafa Billah Shah បានស្នើឱ្យក្រុមចម្រុះដែលមាន ចំនួនអាសនៈភាគច្រើនឈ្នះ នៅក្នុងការបោះឆ្នោតទូទៅលើកទី១៥ ហៅកាត់ថា (GE15) ឲ្យបង្ហាញវត្តមាននៅព្រះបរមរាជវាំង ដើម្បីរៀបចំកិច្ចសហប្រតិបត្តិការ របស់ពួកគេបង្កើតរដ្ឋាភិបាលថ្មី ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ អ្នកត្រួតពិនិត្យរបស់ព្រះបរមរាជវាំង Istana Negara លោក Ahmad Fadil Shamsuddin បានលើកឡើងថា ព្រះរាជវាំងបានស្នើសុំជំនួយពីវាគ្មិន Dewan Rakyat Azizan Harun ដើម្បីទាក់ទងមេដឹកនាំគណបក្សនយោបាយ និងសម្ព័ន្ធ ។

“មេដឹកនាំគណបក្សនយោបាយ និងសម្ព័ន្ធនឹងត្រូវបានស្នើឡើងដោយវាគ្មិន Dewan Rakyat ដើម្បីជូនដំណឹងអំពីសម្ព័ន្ធ ដែលត្រូវបានព្រមព្រៀងរៀងៗខ្លួន ក៏ដូចជាឈ្មោះសមាជិក Dewan Rakyat ដែលទទួលបានការគាំទ្រ ភាគច្រើននៃសម្ព័ន្ធនេះ ដើម្បីធ្វើជានាយករដ្ឋមន្ត្រី ។ រដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវទៅកាន់រាជវាំង Istana Negara នៅមុនម៉ោង២ រសៀល ថ្ងៃទី ២១ ខែវិច្ឆិកានេះ” ។

លោក Ahmad Fadil បានលើកឡើងថា ស្របតាមមាត្រា៤០(២)(a) និង៤៣(៣)(a) នៃរដ្ឋធម្មនុញ្ញសហព័ន្ធ ព្រះរាជក្រឹត្យ និងសេចក្តីសម្រេចរបស់ព្រះមហាក្សត្រ ស្តីពីការបង្កើតរដ្ឋាភិបាលថ្មី គឺចុងក្រោយ ។

“ព្រះមហាក្សត្រ ណែនាំដល់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគណបក្សនយោបាយ ឲ្យទទួលយក និងគោរពដំណើរការប្រជាធិបតេយ្យ និងទទួលយកលទ្ធផលនៃ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី១៥ ដោយចិត្តស្ងប់ និងបើកចិត្តឲ្យទូលាយ ដើម្បីការពារបូរណភាពប្រទេស ព្រោះជាមរតកដែលជាប់ឆ្នោត ។ មេដឹកនាំដើរតួជាអ្នកធានាខុសត្រូវ ។

លោក Ahmad Fadil បានថ្លែងថា ព្រះមហាក្សត្របានទទួលលទ្ធផលនៃ GE15 ពីគណៈកម្មការរៀបចំការបោះឆ្នោត (EC) កាលពីថ្ងៃអាទិត្យ ដោយប្រធាន EC លោក Abdul Ghani Salleh បានកត់សម្គាល់ថា គ្មានគណបក្សនយោបាយណា អាចឈ្នះសំឡេងភាគច្រើនសាមញ្ញ ដើម្បីបង្កើតរដ្ឋាភិបាលតែឯងបាននោះទេ ។

លោកបានរំលឹកថា ប្រទេសត្រូវការរដ្ឋាភិបាល ដែលមានស្ថិរភាព មានសិទ្ធិអំណាច និងសុចរិតភាពក្នុងការ ការពារប្រជាពលរដ្ឋ និងជំរុញរបៀបវារៈ សុខុមាលភាពប្រទេសជាតិ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top