ព័ត៌មានអន្តរជាតិ

G7 ជំរុញឲ្យអង្គការសហប្រជាជាតិ ឆ្លើយតបចំពោះការសាកល្បង មីស៊ីលកូរ៉េខាងជើង

" "

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសនៃ បណ្តាប្រទេសឧស្សាហកម្មធំៗចំនួន៧ បានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ គួរតែអនុវត្ត “វិធានការសំខាន់ៗ” បន្ទាប់ពីការបាញ់បង្ហោះ មីស៊ីលអន្តរទ្វីបចុងក្រោយបង្អស់ ដោយប្រទេសកូរ៉េខាងជើង។

តាមសំណើរបស់សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខគ្រោងនឹង ពិភាក្សាជាមួយកូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃចន្ទនេះ បន្ទាប់ពីការធ្វើតេស្តមីស៊ីលចុងក្រោយ បង្អស់បានបាញ់នៅឆ្នាំនេះ។

" "

រដ្ឋមន្ត្រីនៃសហរដ្ឋអាមេរិក ជប៉ុន កាណាដា អាល្លឺម៉ង់ អង់គ្លេស បារាំង និងអ៊ីតាលី បានឲ្យដឹងថា សកម្មភាពរបស់កូរ៉េខាងជើង ទាមទារឱ្យមានការឆ្លើយតបដោយរួបរួម និងរឹងមាំពីសហគមន៍អន្តរជាតិ។

" "

នៅក្នុងការធ្វើតេស្ដមីស៊ីលចុងក្រោយនេះ ជប៉ុន​បានឲ្យដឹងថា មីស៊ីលរបស់​កូរ៉េខាងជើង​ អាច​បាញ់​ដល់​អាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

ក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃ​សុក្រ​ បាន​សាកល្បង​មីស៊ីលផ្លោង ​ដែល​មាន​សមត្ថភាព​បាញ់​ដល់ ​ដីគោក​អាមេរិក​ភ្លាមៗ​បន្ទាប់ពី​បាន​ព្រមាន​អំពី​ “ការឆ្លើយតប​ខាង​យោធា​ដ៏​កាចសាហាវ​” ដល់​ក្រុង​វ៉ាស៊ីនតោន​ដែល​បង្កើន​វត្តមាន សន្តិសុខ​របស់ខ្លួន​ក្នុង​តំបន់។

ក្រុមប្រទេស G7 បានឲ្យដឹងថា ការធ្វើតេស្តកាលពីថ្ងៃសុក្រគឺជា “ទង្វើដែលមិនប្រុងប្រយ័ត្ន” និង “ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ” ផ្សេងទៀតនៃដំណោះស្រាយ របស់អង្គការសហប្រជាជាតិ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top