ព័ត៌មានអន្តរជាតិ

Update៖ រោងចក្រថាមពលនុយក្លេអ៊ែរ របស់អ៊ុយក្រែន ស្ថិតក្រោមការគ្រប់គ្រងដោយរុស្ស៊ី រងការរញ្ជួយដោយសារ ការបាញ់គ្រាប់ផ្លោង

ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់ប្រទេសអ៊ុយក្រែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ត្រូវបានរញ្ជួយដោយការ បាញ់គ្រាប់ផ្លោងកាលពីថ្ងៃអាទិត្យ ដោយទទួលបានការថ្កោលទោស ពីប្រធានឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ ដែលបានថ្លែងថា ការវាយប្រហារបែបនេះបានប្រថុយ នឹងគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏ធំមួយ ។

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ថា (IAEA) បានថ្លែងថា ការបំផ្ទុះជាច្រើនបានអង្រួន រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុត របស់អឺរ៉ុបកាលពីល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ក្រុងម៉ូស្គូ និងក្រុង គៀវ ទាំងសង្ខាងបានស្តីបន្ទោសគ្នា ទៅវិញទៅមកចំពោះការបាញ់ផ្លោង មកលើអគាររោងចក្រនោះ ។

លោក Rafael Grossi ប្រធាន IAEA ដែលក្រុមការងារនៅមូលដ្ឋានបានថ្លែងថា មានការខូចខាតដល់អគារ ប្រព័ន្ធ និងឧបករណ៍មួយចំនួននៅក្នុងរោងចក្រនេះបានលើកឡើងថា “ព័ត៌មានពីក្រុមរបស់យើងកាលពីម្សិលមិញ និងព្រឹកនេះគឺគួរឱ្យព្រួយបារម្ភខ្លាំងណាស់” ។

“ការផ្ទុះបានកើតឡើងនៅទីតាំងរោងចក្រ ថាមពលនុយក្លេអ៊ែរដ៏ធំនេះ ដែលមិនអាចទទួលយកបានទាំងស្រុង ។ អ្នកណានៅពីក្រោយរឿងនេះ ត្រូវតែបញ្ឈប់ជាបន្ទាន់ ។ ដូចដែលខ្ញុំបាននិយាយច្រំដែលៗរួចមកហើយ អ្នកកំពុងប្រលែងជាមួយភ្លើង!” ។

រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia បានផ្តល់អគ្គិសនីប្រហែល១/៥ដល់ប្រទេសអ៊ុយក្រែន មុនពេលការឈ្លានពាន របស់រុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ ហើយត្រូវបានបង្ខំឱ្យដំណើរការ លើម៉ាស៊ីនភ្លើងបម្រុងទុកជាច្រើនដង ។ វាមានម៉ាស៊ីនរ៉េអាក់ទ័រ VVER-1000 V-320 ដែលបង្កើតឡើងដោយសូវៀតចំនួន៦ ដែលមានផ្ទុកអ៊ុយរ៉ាញ៉ូម២៣៥ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top