អារ៉ាប៊ីសាអូឌីត៖ អារ៉ាប៊ីសាអូឌីត ត្រូវបានចោទប្រកាន់ថា បានប្រើព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពិភពលោក “World Cup” ជាការបិទបាំងបន្ទាប់ពីខ្លួន បានកាត់ក្បាលមនុស្សចំនួន ១២នាក់ក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយនេះ ទោះបីប្រទេសមួយនេះគាំទ្រ ការសន្យាមិនប្រើការកាត់ទោស ប្រហារជីវិតសម្រាប់ឧក្រិដ្ឋកម្មអហិង្សា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ការកាត់ទោសប្រហារជីវិត គឺជាការដាក់ទណ្ឌកម្មចំពោះ បទល្មើសគ្រឿងញៀន ទោះបីជាប្រទេសនេះបាន អនុវត្តការផ្អាកលើការប្រើប្រាស់ ទោសប្រហារជីវិតសម្រាប់ ឧក្រិដ្ឋកម្មអហិង្សានៅឆ្នាំ ២០២១ក៏ដោយ។ ទន្ទឹមនឹងនេះ មេដឹកនាំអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman បានចូលរួមក្នុងពិធីបើកការ ប្រកួតបាល់ទាត់ពិភពលោក កាលពីថ្ងៃអាទិត្យ ដោយអង្គុយក្បែរប្រធាន FIFA លោក Gianni Infantino ។
អង្គការសប្បុរសធម៌សិទ្ធិមនុស្ស Reprieve បានគូសបញ្ជាក់ពីករណី អ្នកបើកតាក់ស៊ីម្នាក់ប្រឈមនឹង ការកាត់ទោសប្រហារជីវិត នៅក្នុងពន្ធនាគារអារ៉ាប៊ីសាអូឌីត ដែលប្អូនស្រីរបស់ lok កាលពីឆ្នាំមុនបានសុំជំនួយ ពីអតីតតារាអង់គ្លេស Alan Shearer ។ Zeinab Abo al-Kheir បានសរសេរទៅកាន់អ្នកវិភាគទូរទស្សន៍ បន្ទាប់ពីលោកបាននិយាយថា លោកចង់ស្តាប់ភស្តុតាង អំពីការរំលោភសិទ្ធិមនុស្ស ក្នុងព្រះរាជាណាចក្រវាលខ្សាច់បន្ទាប់ពី ការកាន់កាប់របស់អារ៉ាប៊ីសាអូឌីត ពីអតីតក្លិបរបស់លោកគឺ Newcastle United ។
បងប្រុសរបស់នាង ដែលជាឪពុកបង្កើតរបស់ក្មេង Hussein អាយុ៨ឆ្នាំ ត្រូវបានកាត់ទោសប្រហារជីវិត បន្ទាប់ពីរកឃើញថ្នាំគ្រាប់ អំហ្វេតាមីនត្រូវបានលាក់ ក្នុងធុងប្រេងរបស់លោកនៅច្រកព្រំដែន។ ប៉ុន្តែក្រុមអ្នកធ្វើយុទ្ធនាការអះអាងថា លោកបានសារភាពនៅ ក្រោមការធ្វើទារុណកម្ម ហើយថ្នាំញៀនដាក់ក្នុងរថយន្តរបស់លោក ខណៈរថយន្តនោះបានចតនៅខាងក្រៅផ្ទះ របស់លោកក្នុងប្រទេសហ្ស៊កដានី ។
នាយក Reprieve Maya Foa បានចោទប្រកាន់អារ៉ាប៊ីសាអូឌីតថា បានអនុវត្តការកាត់ក្បាល ខណៈពេលដែលការយកចិត្តទុកដាក់ របស់ពិភពលោកគឺផ្តោតលើ ការប្រកួតបាល់ទាត់ពិភពលោក នៅទីក្រុងដូហា ៕
ដោយ៖ លី ភីលីព