ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ក្នុងហេតុការណ៍គ្រោះរញ្ជួយដី នៅឥណ្ឌូនេស៊ី កើនឡើងដល់ ១៦២នាក់

ហ្សាកាតា៖ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៦២នាក់បាន ២៥នាក់បាត់ខ្លួន និងប្រហែល ៧០០នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រ បានវាយប្រហារខេត្ត West Java របស់ឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទ។

គ្រោះរញ្ជួយដីនេះ ក៏បានបង្កការខូចខាត យ៉ាងធ្ងន់ធ្ងរដល់ផ្ទះ អគារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ។ ការ​រញ្ជួយ​ត្រូវ​បាន​ទទួល​អារម្មណ៍ ​រញ្ជួយយ៉ាង​ខ្លាំង ​នៅ​ក្នុង​រដ្ឋធានី​ហ្សាកាតា។

អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិលោក Abdul Muhari បានប្រាប់ស៊ីនហួរតាមទូរស័ព្ទថា “ឥឡូវនេះចំនួនអ្នកស្លាប់ បានកើនឡើងដល់ ៦២ នាក់ និងមនុស្សប្រហែល ៧០០ នាក់បានរងរបួស” ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានលើកឡើងថា មនុស្សជាង ៥០០០នាក់ ត្រូវបានបង្ខំឱ្យទៅជ្រកកោននៅកន្លែង ដែលមានសុវត្ថិភាពជាងមុន ខណៈដែលការរញ្ជួយបានបំផ្លាញផ្ទះ អគារ និងហេដ្ឋារចនាសម្ព័ន្ធជាង ២០០០ខ្នង។

លោក Muhari បាននិយាយថា ទីភ្នាក់ងារនេះបានបង្កើតមជ្ឈមណ្ឌលចំនួន ៤៧ ដែលផ្តល់ជំនួយរួមទាំងអាហារ និងថ្នាំពេទ្យសម្រាប់ជនរងគ្រោះ ដែលរងផលប៉ះពាល់ដោយរញ្ជួយដី។

យោងតាមប្រធានទីភ្នាក់ងារគ្រប់គ្រង គ្រោះមហន្តរាយជាតិលោក Suharyanto បានឱ្យដឹងថា អ្នករងរបួសត្រូវបានព្យាបាល នៅមន្ទីរពេទ្យក្នុងស្រុក Cianjur ក្នុងខេត្ត៕ ប្រែសម្រួល ឈូក បូរ៉ា

To Top