ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន អនុម័តលើសេចក្តីប្រកាស ដាក់ក្រុងញ៉ូវយ៉ក ជារដ្ឋស្ថិតក្នុងគ្រាអាសន្ន ក្រោយពីមានព្យុះព្រិល ធ្លាក់ចុះយ៉ាងខ្លាំង ជាប្រវត្តិសាស្ត្រ

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ថា សេតវិមានបានឲ្យដឹងកាលពីថ្ងៃចន្ទថាលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានអនុម័តសេចក្តីប្រកាសអាសន្នមួយសម្រាប់រដ្ឋញូវយ៉ក បន្ទាប់ពីព្រិលធ្លាក់ចុះខ្លាំងជាប្រវត្តិសាស្ត្រ ។

យោងតាមសេតវិមាន លោក បៃដិន ក៏បានបញ្ជាឱ្យផ្តល់ជំនួយសហព័ន្ធ ដើម្បីបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែង ឆ្លើយតបរបស់រដ្ឋនិងក្នុងតំបន់ ដើម្បីដោះស្រាយផលវិបាកនៃព្យុះរដូវរងាធ្ងន់ធ្ងរ និងព្យុះព្រិល ។

លើសពីនេះទៅទៀត រដ្ឋាភិបាលសហព័ន្ធបានចាត់តាំងមន្ត្រីសម្របសម្រួលសម្រាប់ប្រតិបត្តិការ ស្ដារសហព័ន្ធនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយព្យុះនេះ ។

អភិបាលក្រុងញូវយ៉ក Kathy Hochul បានសរសេរនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃចន្ទថា “យើងបានប្រឈមមុខនឹងព្យុះព្រិលដ៏ខ្លាំង ដែលបានបំបែកកំណត់ត្រានៅចុងសប្តាហ៍នេះ” ។

ព្យុះនេះបានបង្កើតកំណត់ត្រា រដ្ឋសម្រាប់ការធ្លាក់ព្រិលច្រើនបំផុតក្នុងរយៈពេល២៤ម៉ោង ដោយផ្នែកខ្លះនៃតំបន់ Erie ទទួលបានព្រិលទំហំច្រើនជាង៦ហ្វីត ស្មើនឹង១៨០សង់ទីម៉ែត្រ ។

នៅក្នុងឧទ្យាន Orchard ភូមិមួយក្នុងតំបន់ Erie ព្រិលទំហំ៨០អ៊ីង ស្មើនឹង២០៣សង់ទីម៉ែត្រ បានធ្លាក់នៅចន្លោះថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យ ។ នេះបើយោងតាមក្រុមសេវាអាកាសធាតុជាតិរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ដូច្នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top