ហ្សាកាតា៖ ទាហាន និងប៉ូលីសចំនួន ១៤០០០ នាក់បានទៅដល់តំបន់ Cianjur របស់ឥណ្ឌូនេស៊ី នៅជិតទីក្រុង West Java ដែលរងគ្រោះ ដោយការរញ្ជួយដីកម្រិត ៥,៦ រ៉ិចទ័រ កាលពីថ្ងៃច័ន្ទ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦៨នាក់ ។

ក្រុមអ្នកជួយសង្គ្រោះ បាននិងកំពុងមមាញឹកលើកម្ទេចកម្ទីគំនរបាក់បែក ជាមួយនឹងប៉ែលគ្រប់ដៃ ដើម្បីស្វែងរកអ្នករួចរស់ជីវិត ដែលកប់ក្នុងគំនរបាក់បែក និងការបាក់ដី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
ជាមួយនឹងលទ្ធភាព នៃការរកឃើញមនុស្សនៅមានជីវិតថយចុះជារៀងរាល់ម៉ោង ក្រុមអ្នកជួយសង្គ្រោះក៏បានប្រើដៃទទេរបស់ពួកគេ ដើម្បីទាញថ្ម និងដីកខ្វក់ចេញ ខណៈព្យាយាមស្វែងរកជនរងគ្រោះ។
ផ្លូវជនបទដែលមានគុណភាពខ្សោយ ភ្លៀងមូសុងខ្លាំង និងការខូចខាតផ្លូវថ្នល់រឹង រួមទាំងស្នាមប្រេះ និងបាក់ស្រុតផងដែរ បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះខាងលើនេះ។
គួរបញ្ជាក់ថា ចំនួនអ្នករបួសបានកើនឡើង ដល់យ៉ាងហោចណាស់ ១០០០ នាក់ ហើយមនុស្សជាច្រើន នៅតែកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យតង់ជាបណ្តោះអាសន្ន៕
ប្រែសម្រួល ឈូក បូរ៉ា
