ព័ត៌មានអន្តរជាតិ

Update៖ យោធាអ៊ុយក្រែន ចំនួន៥០នាក់ធ្វើមាតុភូមិនិវត្តន៍ មកប្រទេសវិញ ជាថ្នូរនឹងការដោះលែង អ្នកទោសជាមួយរុស្ស៊ី

គៀវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក Andriy Yermak ប្រធានការិយាល័យ ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើង កាលពីថ្ងៃព្រហស្បតិ៍ថា បន្ទាប់ពីមានការដោះដូរ អ្នកទោសចុងក្រោយ ជាមួយរុស្ស៊ី យោធាអ៊ុយក្រែន ចំនួន៥០នាក់បានត្រឡប់ទៅផ្ទះវិញហើយ ។

ក្នុងចំណោមអ្នកដែលត្រូវ បានគេដោះលែងនោះ មានមន្ត្រី២នាក់ ព្រមទាំងពលទាហាន និងទាហាន៤៨នាក់ផងដែរ លោក Yermak បានសរសេរនៅលើបណ្តាញ Telegram ។

លោកបានឲ្យដឹងទៀតថា ភាគច្រើននៃយោធា ដែលត្រូវបានដោះលែងនោះបម្រើការនៅក្នុងកងនាវាចររបស់អ៊ុយក្រែន ឆ្មាំជាតិ និងកងកម្លាំងប្រដាប់អាវុធ ។

លោក Yermak មិនបានផ្តល់ព័ត៌មានលម្អិត អំពីចំនួនយោធារបស់រុស្ស៊ី ដែលត្រូវបានដោះលែងដោយអ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀងនោះទេ ។

មន្ត្រីរូបនេះបានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងដើម្បីដោះលែងអ៊ុយក្រែន យោធានបន្ថែមទៀតពីការជាប់ឃុំឃាំង របស់រុស្ស៊ីកំពុងដំណើរការ ។

គួរបញ្ជាក់ថា អ៊ុយក្រែន និងរុស្ស៊ី បានធ្វើការផ្លាស់ប្តូរអ្នកទោសលើកដំបូង របស់ពួកគេនៅក្នុងខែមីនា ៕

To Top