ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ដោយសារ គ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ី កើនឡើងដល់ ៣១០នាក់ និងបន្ដបាត់ខ្លួន ២៤នាក់

ហ្សាកាតា៖ មន្ត្រីម្នាក់បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ គ្រោះរញ្ជួយដីកម្រិត ៥,៦ រ៉ិចទ័រ ដែលបានវាយប្រហារខេត្ត West Java របស់ឥណ្ឌូនេស៊ី បានកើនឡើងដល់ ៣១០នាក់ ហើយមនុស្ស ២៤នាក់ផ្សេងទៀត នៅតែបាត់ខ្លួននៅឡើយ។

ប្រធានទីភ្នាក់ងារគ្រប់គ្រង គ្រោះមហន្តរាយជាតិលោក Suharyanto បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ប្រតិបត្តិការរុករក ដែលធ្វើឡើងដោយអ្នកជួយសង្គ្រោះ បានរកឃើញសាកសពបន្ថែមទៀត កាលពីថ្ងៃសុក្រ ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៣១០នាក់” ។

លោក​បាន​បន្ត​ថា ការ​វាយ​តម្លៃ​ហានិភ័យ​នៃ​ផល​ប៉ះ​ពាល់ នៃ​ការ​រញ្ជួយ​ដី​កំពុង​ដំណើរការ។ ជំនួយនឹងត្រូវបានចែកចាយបន្ត ទៅអ្នកនៅរស់រានមានជីវិត នៅក្នុងមជ្ឈមណ្ឌលជម្លៀសនៅទូទាំងស្រុក Cianjur ដែលជាតំបន់មួយ ដែលរងគ្រោះខ្លាំងជាងគេ។

លោក Suharyanto បានបន្ដថា អគារសិក្សាសរុបចំនួន ៣៦៣ អគារសាសនា ១៤៤ អគារការិយាល័យចំនួន ១៦ និងកន្លែងសុខភាពចំនួន ៣ ត្រូវបានបំផ្លាញដោយការរញ្ជួយដីនេះ ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទីភ្នាក់​ងារ​បាន​រាយការណ៍​ថា ការ​រញ្ជួយ​ដី​បាន​បំផ្លាញ​ផ្ទះ​សម្បែងចំនួន ៥៦,៣១១​ខ្នង និង​បាន​ជម្លៀស​អ្នក​ស្រុក​ចំនួន ៦២,៥៤៥​នាក់ នៅ​ក្នុង​ស្រុក Cianjur ខេត្ដ West Java របស់ប្រទេសឥណ្ឌូនេស៊ី ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top