បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបប្រជុំផ្ទាល់ខ្លួន កាលពីថ្ងៃសុក្រ ជាមួយម្តាយរបស់ទាហានរុស្ស៊ី។ លោកថា ការដឹកនាំប្រទេស ហើយលោកផ្ទាល់ បានចាត់ទុកកូនប្រុស របស់ពួកគេជាវីរបុរស ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោកពូទីនបានបង្ហើបថា លោកបានស្នើឱ្យមានការ ជួបជាមួយម្តាយរបស់ទាហាន ដោយសារតែលោកចង់ស្តាប់យោបល់ របស់ពួកគេ បទពិសោធន៍ផ្ទាល់របស់ពួកគេ និងព័ត៌មានដែលពួកគេ បានទទួលពីជួរមុខ ។
លោកពូទីនបាននិយាយថា “ព័ត៌មានជាច្រើនបានមករកខ្ញុំពីប្រភពផ្សេងៗគ្នា ប៉ុន្តែការវាយតម្លៃរបស់អ្នក យោបល់របស់អ្នក គំនិត និងការផ្ដល់យោបល់ របស់អ្នក នោះគឺជាបញ្ហាខុសគ្នាទាំងស្រុង” ។ លោកបន្តថា លោកនឹងព្យាយាម ធ្វើឱ្យប្រាកដថាអ្វីគ្រប់យ៉ាង ដែលបានពិភាក្សាក្នុងកិច្ចប្រជុំ ត្រូវបានយកទៅ គណនា និងប្រើប្រាស់ក្នុងជីវិតពិត “ដល់អតិបរមា”។
លោកប្រធានាធិបតីរុស្ស៊ីរូបនេះបាននិយាយថា “យើងនឹងធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីកុំឱ្យអ្នកមានអារម្មណ៍ថា ត្រូវគេបោះបង់ចោល ហើយនឹងធ្វើអ្វីគ្រប់យ៉ាង ដែលអាស្រ័យលើយើង ដើម្បីឱ្យអ្នកមានអារម្មណ៍ថា យើងនៅប្រកៀកស្មាគ្នា” ។
លោកពូទីន បានសរសើរស្ត្រី សម្រាប់ការចិញ្ចឹមទាហានវ័យក្មេង ជាកូនដែលមានវីរភាព ដោយកត់សម្គាល់ថា ការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការបម្រើប្រទេស របស់ពួកគេ មិនមែនជាលទ្ធផលនៃ “ការណែនាំនិងសីលធម៌ណាមួយ” ប៉ុន្តែជាលទ្ធផលនៃ “គំរូផ្ទាល់ខ្លួន” ដែលកំណត់ដោយឪពុកម្តាយ របស់ពួកគេ ៕