អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រជាជនប្រមាណ៩,៤លាននាក់ កើនឡើង៥០ម៉ឺននាក់ នឹងត្រូវការជំនួយ និងការការពារនៅក្នុងប្រទេសស៊ូដង់ខាងត្បូង នៅក្នុងឆ្នាំក្រោយ ។
ការិយាល័យអង្គការសហប្រជាជាតិ (UN) សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) បានឲ្យដឹងថា អំពើហឹង្សាជាសកល ជម្លោះ ឧបសគ្គក្នុងការចូលដំណើរការ ការជ្រៀតជ្រែកក្នុងប្រតិបត្តិការ បញ្ហាប្រឈមសុខភាពសាធារណៈ និងការប្រែប្រួលអាកាសធាតុ ដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតនៅក្នុងតំបន់ ធ្វើឱ្យស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺន ។
អង្គការ OCHA បានរាយការណ៍ថា ខ្លួនបានអំពាវនាវដល់រដ្ឋាភិបាលសម្រាប់ការដឹកនាំ ក្នុងការបង្កើនការវិនិយោគក្នុងសន្តិភាព និងការអភិវឌ្ឍន៍ ដើម្បីកាត់បន្ថយតម្រូវការមនុស្សធម៌ ។
ដោយផ្អែកលើទិន្នន័យ របស់អង្គការសហប្រជាជាតិ ប្រទេសដែលមានប្រជាជនប្រមាណ ១១,៥លាននាក់ បានជួបវិបត្តិចាប់តាំងពីប្រទេសនេះ បានឯករាជ្យពីស៊ូដង់ក្នុងឆ្នាំ២០១១ ។ ប្រទេសទាំង២ ត្រូវបានជាប់គាំងនៅក្នុងជម្លោះ ជួនកាលមានអំពើហិង្សាកើតឡើងនៅលើតំបន់ Abiye តាមខ្សែបន្ទាត់កំណត់ព្រំដែនទៅវិញទៅមក របស់ប្រទេសទាំង២នេះ ៕