ម៉ូហ្គាឌីស៊ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ ក្រុមសកម្មប្រយុទ្ធ al-Shabab ប្រមាណជាង១០០នាក់ត្រូវបានសម្លាប់ នៅក្នុងអំឡុងពេលប្រតិបត្តិការ ដោយកងទ័ពជាតិរបស់ប្រទេសសូម៉ាលី ។
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូប បានបញ្ជាក់ប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃសៅរ៏ថា ក្រុមសកម្មប្រយុទ្ធ al-Shabab ជាង១០០នាក់ ត្រូវបានសម្លាប់នៅក្នុងអំឡុងពេលប្រតិបត្តិការ ដែលបានគ្រោងទុកដោយកងទ័ពជាតិសូម៉ាលី និងដៃគូអន្តរជាតិរបស់ខ្លួន នៅឯព្រំដែននៃតំបន់ Middle Shabelle និងតំបន់ Hiran នៃភាគកណ្តាលប្រទេសសូម៉ាលី ។
លោក Abdirahman Yusuf Al-Adala អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ បានថ្លែងថា ក្នុងចំណោមអ្នកស្លាប់ មានមេដឹកនាំ១០នាក់ ។
លោកបានបញ្ជាក់ទៀតថា ការវាយលុករបស់យោធាប្រឆាំងនឹងក្រុម al-Shabab បានធ្វើសកម្មភាពកាន់តែខ្លាំងឡើងៗ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា