បរទេស៖ ទីក្រុងវ៉ាស៊ីនតោនបានហាមឃាត់ការនាំចូល និងលក់ឧបករណ៍ទូរគមនាគមន៍ថ្មី ពីក្រុមហ៊ុនផលិតដ៏ធំបំផុត របស់ប្រទេសចិន ដោយសារតែ “ហានិភ័យដែលមិនអាចទទួលយកបាន” ដែលអាមេរិកចោទថា បានបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ របស់សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រពីគណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) ការហាមឃាត់នេះ ផ្តោតលើផលិតផលបច្ចេកវិទ្យា ដែលផលិតដោយក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន Huawei និង ZTE ក្រុមហ៊ុនផលិតឧបករណ៍ឃ្លាំមើល Dahua Technology ក្រុមហ៊ុនឃ្លាំមើលវីដេអូ Hangzhou Hikvision Digital Technology ក្រុមហ៊ុនផលិតឧបករណ៍ ទូរគមនាគមន៍ Hytera Communications ក៏ដូចជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងសាខារបស់ពួកគេ។
ប្រធាន FCC លោកស្រី Jessica Rosenworcel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្បាប់ថ្មីទាំងនេះគឺជាផ្នែកសំខាន់ នៃសកម្មភាពបន្តរបស់យើង ដើម្បីការពារប្រជាជនអាមេរិក ពីការគំរាមកំហែងសន្តិសុខជាតិ ពាក់ព័ន្ធនឹងទូរគមនាគមន៍។ ” FCC ប្តេជ្ញាការពារសន្តិសុខជាតិរបស់យើងដោយធានាថា ឧបករណ៍ទំនាក់ទំនងដែលមិនគួរឱ្យទុកចិត្ត មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ក្នុងព្រំដែនរបស់យើងទេ ហើយយើងកំពុងបន្តការងារនេះនៅទីនេះ៕ប្រែសម្រួលៈ ណៃ តុលា