ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសបេឡារុស ទទួលមរណភាពភ្លាមៗ ដោយមិនដឹងមូលហេតុ

បរទេស៖ ទីភ្នាក់ងារព័ត៌មាន Belta បានរាយការណ៍ដោយដកស្រង់សម្តី អ្នកនាំពាក្យរបស់ក្រសួងគឺលោក Anatoly Glaz ថា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេស បេឡារុស លោក Vladimir Makey បានទទួលមរណភាពភ្លាមៗ កាលពីថ្ងៃសៅរ៍ ។ លោក Anatoly Glaz បានកាន់តំណែងជារដ្ឋមន្រ្តីការបរទេសនេះ អស់រយៈពេលមួយទសវត្សរ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មាន​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ អំពី​កាលៈទេសៈ ឬ​មូលហេតុ​នៃ​ការ​ស្លាប់ ​របស់​រដ្ឋមន្រ្តីការបរទេស ដែលមានវ័យ ៦៤ ឆ្នាំ​រូប​នេះ​ទេ។ លោក​គ្រោង​នឹង​ជួប​សមភាគី​រុស្ស៊ី​លោក Sergey Lavrov នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។

អាជីពជាអ្នកការទូតម្នាក់ឈ្មោះ លោក Makey បានធ្វើការជាមួយក្រសួងការបរទេស បេឡារុស្សតាំងពីឆ្នាំ ១៩៩៣ បន្ទាប់ពីបានបញ្ចប់ការសិក្សា ពីបណ្ឌិតសភាការទូត នៃទីក្រុងវីយែនរបស់ប្រទេសអូទ្រីស។ លោកបានតំណាងឱ្យប្រទេសបេឡារុស្ស នៅក្នុងក្រុមប្រឹក្សាអឺរ៉ុប និងបានបម្រើការជាទីប្រឹក្សា របស់ឯកអគ្គរដ្ឋទូតបេឡារុស្ស ប្រចាំទីក្រុងប៉ារីសក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ។

ក្នុងទសវត្សរ៍ឆ្នាំ ២០០០ លោកបានធ្វើការជាជំនួយការ របស់ប្រធានាធិបតី Aleksandr Lukashenko និងបានដឹកនាំរដ្ឋបាលប្រធានាធិបតី រវាងឆ្នាំ ២០០៨ និង ២០១២ មុនពេលឡើងកាន់តំណែង ជារដ្ឋមន្ត្រីការបរទេស៕ សម្រួលៈ ណៃ តុលា

To Top