រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រី ប៉ាឡេស្ទីន លោក Mohammed Ishtaye បានចោទប្រកាន់អ៊ីស្រាអែល ពីការរឹបអូសយកទឹកក្រោមដី ពីរភាគបី របស់ប៉ាឡេស្ទីន ហើយបង្វែរវាចូលទៅក្នុងទីក្រុង និងការតាំងទីលំនៅរបស់ខ្លួន។
លោក Ishtaye បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅមុនសន្និសីទទឹកអារ៉ាប់លើកទី៤ ដែលរៀបចំដោយប៉ាឡេស្ទីន ក្រោមពាក្យស្លោក Arab Water Security for Life, Development and Peace នេះបើយោងតាមសេចក្តីថ្លែងការណ៍ ផ្លូវការមួយ។
លោក Ishtaye បានលើកឡើងថា “អ៊ីស្រាអែលបានលួច ៨០០លានម៉ែត្រគូបរបស់ប៉ាឡេស្ទីនចំនួន ៦០០លានម៉ែត្រគូប ហើយបង្វែរវាចូលទៅក្នុងទីក្រុង និងការតាំងទីលំនៅរបស់ខ្លួន” ។
នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនបានកត់សម្គាល់ថា ជាមធ្យមជនជាតិអ៊ីស្រាអែលម្នាក់ប្រើប្រាស់ទឹក ៤៣០ លីត្រក្នុងមួយថ្ងៃ ខណៈដែលប៉ាឡេស្ទីនម្នាក់ប្រើប្រាស់ទឹកត្រឹមតែ ៧២លីត្រប៉ុណ្ណោះ ពោលគឺតិចជាងចំនួនមធ្យម ពិភពលោក ដែលមាន ១២០លីត្រ។
លោក Ishtaye បានបន្ថែមថា បន្ទាប់ពីឆ្នាំ១៩៦៧ “អ៊ីស្រាអែលបានចាប់ផ្តើមជីកអណ្តូងទឹកនៅតំបន់ West Bank ជ្រៅជាងប៉ាឡេស្ទីន ដែលនាំទៅដល់ការគ្រប់គ្រងទឹកក្រោមដីភាគច្រើន និងការស្ងួតនៃប្រភពទឹក”៕
ប្រែសម្រួល ឈូក បូរ៉ា