គៀវ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យលោក Vitali Klitschko អភិបាលក្រុង គៀវ អតីតអ្នកប្រដាល់អាជីព បានវាយបកវិញ ចំពោះការរិះគន់ របស់ប្រធានាធិបតី អ៊ុយក្រែន ជុំវិញវិធានការជួយ ប្រជាពលរដ្ឋទប់ទល់ នឹងការដាច់ចរន្តអគ្គិសនី ដោយពណ៌នាជម្លោះថា “គ្មានន័យ” ស្របពេលយុទ្ធនាការ យោធារបស់រុស្ស៊ី ។
លោក Klitschko បានលើកឡើងថា “ មជ្ឈមណ្ឌលកម្តៅ” ចំនួន៤៣០ កំពុងជួយអ្នកស្រុក ទប់ទល់ នឹងឥទ្ធិពល នៃការវាយប្រហារ របស់រុស្ស៊ីទៅលើស្ថានីយ៍ ថាមពល ហើយជាង១០០ទៀត ត្រូវបានគ្រោងទុកក្នុងករណី មានស្ថានភាពធ្ងន់ធ្ងរ ។
ប្រធានាធិបតី លោក Volodymyr Zelenskyy បានកត់សម្គាល់ កាលពីសប្តាហ៍មុនថា មានពាក្យបណ្តឹង ជាច្រើនអំពីវិធានការ ដែលត្រូវបានអនុម័ត នៅក្នុងរដ្ឋធានី ។
លោក Klitschko បានថ្លែងនៅក្នុងវីដេអូមួយ ដែលបានបង្ហោះនៅលើបណ្តាញ Telegram ថា “ខ្ញុំមិនចង់ចូលរួមក្នុងការប្រជែងក្នុងឆាកយោបាយនោះទេ ជាពិសេសនៅក្នុង ស្ថានភាពបច្ចុប្បន្ន” ។
“វាគ្មានន័យទេ ។ ខ្ញុំមានកិច្ចការត្រូវធ្វើនៅក្នុងទីក្រុង” ។
លោក Klitschko ដែលបានជាប់គាំង នៅក្នុងជម្លោះជាច្រើនលើកជាមួយលោក Zelenskyy មុនពេលការឈ្លានពានបានឲ្យដឹងថា សម្ព័ន្ធមិត្ត របស់ប្រធានាធិបតីបានចូលរួមក្នុង “ឧបាយកល” អំពីកិច្ចខិតខំប្រឹងប្រែង របស់ទីក្រុងរួមទាំង” រូបថតដែលមិនអាចយល់បាន” ដែលត្រូវបានបង្ហោះ តាមអ៊ីនធើរណេត ៕