ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត១១នាក់ នៅក្នុងហេតុការណ៍ គ្រោះបាក់ដីនៅកាមេរ៉ូន

YAOUNDÉ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា គ្រោះបាក់ដីនៅរដ្ឋធានី Yaounde របស់ប្រទេសកាមេរ៉ូន បានសម្លាប់មនុស្សយ៉ាងហោចណាស់១១នាក់ ដែលចូលរួមក្នុងពិធីបុណ្យសព មួយកាលពីថ្ងៃអាទិត្យ ។ មន្ត្រីក្នុងតំបន់បានប្រាប់ ដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋដូច្នេះ ។

ជនរងគ្រោះ បានប្រមូលផ្តុំគ្នា នៅលើកំពូលភ្នំមួយ សម្រាប់ពិធីបុណ្យរំលឹកដល់មនុស្ស៥នាក់ នៅគ្រាដែលដីបានបាក់ស្រុតនៅក្រោម ផ្នែកមកលើអ្នកចូលរួមកម្មវិធី ។

លោក Paul Bea អភិបាល នៃតំបន់មជ្ឈមណ្ឌលដែលរួមមាន Yaounde បានប្រាប់ដល់វិទ្យុរដ្ឋថា “អ្នកខ្លះកំពុងអង្គុយនៅក្នុងតង់ ដែលជាកន្លែងដែលមានគ្រោះបាក់ដី កើតឡើងនៅព្រឹកព្រលឹមនេះ” ។ លោកបានឲ្យដឹងទៀតថា ការខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្ត ។

អ្នកជួយសង្គ្រោះនៅកន្លែងកើតហេតុ បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន AFP ថា ការស្វែងរកត្រូវបានផ្អាកនៅល្ងាចថ្ងៃអាទិត្យ មុនពេលចាប់ផ្តើមឡើងវិញ នៅព្រឹកថ្ងៃចន្ទនេះ ។

អ្នកស្រី Marie Claire Mendouga អាយុ៥០ឆ្នាំបានចូលរួមក្នុងពិធីនេះ ប៉ុន្តែតង់របស់គាត់មិនត្រូវបានប៉ះពាល់ ដោយការបាក់ដីនោះទេ ។

អ្នកស្រីបានប្រាប់ដល់ទីភ្នាក់ងារ AFP ថា “យើងទើបតែចាប់ផ្តើមរាំនៅពេល ដែលដីបានបាក់ស្រុត” ៕

To Top