តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ នឹងមិនសហការជាមួយ បេសកកម្មស្វែងរកការពិត “នយោបាយ” ដែលស្នើឡើងដោយដំណោះស្រាយ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ (UNHRC) នាពេលថ្មីៗនេះនោះទេ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA ។
លោក Nasser Kanaani បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ដើម្បីឆ្លើយតបទៅនឹងដំណោះស្រាយ ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំ UNHRC កាលពីថ្ងៃព្រហស្បតិ៍ ដែលត្រូវបានធ្វើឡើង តាមសំណើរបស់ប្រទេសអាល្លឺម៉ង់ និងអ៊ីស្លង់ ដើម្បីពិភាក្សាអំពីព្រឹត្តិការណ៍ថ្មីៗនៅក្នុងប្រទេសអ៊ីរ៉ង់។
លោកបានលើកឡើងថា រដ្ឋាភិបាលអ៊ីរ៉ង់ បានបង្កើតគណៈកម្មាធិការជាតិមួយ ដែលបង្កើតឡើងដោយអ្នកជំនាញ អ្នកច្បាប់ ក៏ដូចជាតំណាងផ្លូវការ និងមិនផ្លូវការរបស់ប្រជាជន ហើយកំពុងស៊ើបអង្កេតយ៉ាងហ្មត់ចត់ អំពីព្រឹត្តិការណ៍ថ្មីៗ។
លោក Kanaani បានកត់សម្គាល់ថា វិធានការរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ក្នុងរឿងនេះបង្ហាញថា ខ្លួនមានការប្តេជ្ញាចិត្ត ចំពោះទំនួលខុសត្រូវសំខាន់ និងជាតិរបស់ខ្លួន ហើយកំពុងបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ។
លោកបានសង្កត់ធ្ងន់ថា ការប្រើឲ្យបានឆាប់រហ័ស នៃយន្តការសិទ្ធិមនុស្ស ក៏ដូចជាការអនុម័តនូវវិធីសាស្រ្ត “នយោបាយ និងជាឧបករណ៍” ចំពោះបញ្ហាបែបនេះ ត្រូវបាន “ច្រានចោល” និងបរាជ័យក្នុងការរួមចំណែក ដល់គំនិតសិទ្ធិមនុស្ស។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ UNHRC បានបោះឆ្នោតគាំទ្រ ដល់ការបង្កើតបេសកកម្ម ស្វែងរកការពិតអន្តរជាតិមួយ ដើម្បីស៊ើបអង្កេតការឆ្លើយតប របស់រដ្ឋាភិបាលអ៊ីរ៉ង់ ចំពោះការតវ៉ានៅក្នុងប្រទេសមួយនេះ៕ ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
