ព័ត៌មានអន្តរជាតិ

ចិន អំពាវនាវ​ឱ្យមាន សន្តិសុខរួម រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ខណៈជម្លោះកំពុងកើនឡើង

ប៉េកាំង៖ បេសកជនចិន បានអំពាវនាវឱ្យមាន ការខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវសន្តិសុខរួម រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ៊ីស្រាអែល និងប៉ាឡេស្ទីន គឺជាប្រទេសជិតខាង ដែលមិនអាចបំបែកចេញពីគ្នាបាន ដែលសន្តិសុខរបស់ពួកគេ គឺអាស្រ័យគ្នាទៅវិញទៅមក និងមិនអាចបំបែកបាន។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ប្រសិនបើសន្តិសុខរបស់ភាគីម្ខាង ផ្អែកលើអសន្តិសុខរបស់ភាគីម្ខាងទៀត វដ្តនៃអំពើហិង្សានឹងមិនមាន ការបែកបាក់ឡើយ ហើយបញ្ហាសន្តិសុខមិនអាចយកឈ្នះបាននោះទេ។

លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា “សហគមន៍អន្តរជាតិ គួរតែយកចិត្តទុកដាក់ស្មើភាពគ្នា ចំពោះកង្វល់សន្តិសុខរបស់ប៉ាឡេស្ទីន និងអ៊ីស្រាអែល ហើយលើកទឹកចិត្តឱ្យភាគីទាំងពីរ ស្វែងរកចំណុចរួមដ៏អស្ចារ្យបំផុត តាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបាននូវសន្តិសុខរួម” ។

លោកបានបន្ដថា ទន្ទឹមនឹងនោះ អំណាចកាន់កាប់គួរតែបំពេញកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពក្រោមច្បាប់អន្តរជាតិ ដើម្បីធានាសន្តិសុខរបស់ប្រជាជន នៅក្នុងទឹកដីកាន់កាប់។

ចិន មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​នៃ​ស្ថានការណ៍​សន្តិសុខ​ ក្នុង​ទឹកដី​ប៉ាឡេស្ទីន​ដែល​កាន់កាប់។ យោងតាមស្ថិតិរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២២ គឺជាឆ្នាំដែលស្លាប់បំផុតសម្រាប់ប៉ាឡេស្ទីននៅតំបន់ West Bank ចាប់តាំងពីឆ្នាំ២០០៥។

លោកបន្ថែមថា ប្រទេសចិន បានថ្កោលទោសរាល់ការវាយប្រហារ ដោយមិនរើសអើងលើជនស៊ីវិល បដិសេធចំពោះការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរលើកុមារ ប្រឆាំងនឹងការប្រើប្រាស់កម្លាំងហួសហេតុ ដោយកងកម្លាំងសន្តិសុខ និងអំពាវនាវឱ្យមាន ការស៊ើបអង្កេតលើ អំពើហិង្សា និងការទទួលខុសត្រូវ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top