គៀវ៖ ក្រសួងហេដ្ឋារចនាសម្ព័ន្ធ បានរាយការណ៍ថា អ៊ុយក្រែន ចាប់អារម្មណ៍ក្នុងការពង្រីកគំនិតផ្តួចផ្តើម គ្រាប់ធញ្ញជាតិសមុទ្រខ្មៅ យ៉ាងហោចណាស់មួយឆ្នាំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
របាយការណ៍នេះបានដកស្រង់សម្តី រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធលោក Oleksandr Kubrakov បានឲ្យដឹងបន្ទាប់ពី ដំណើរទស្សនកិច្ចរបស់គាត់ ទៅកាន់កំពង់ផែនានាថា “ជាយុទ្ធសាស្ត្រ យើងគួរតែសម្រេចបាន នូវមិនត្រឹមតែការបង្កើនល្បឿន នៃការត្រួតពិនិត្យនៅលើ Bosphorus ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានកំពង់ផែ Mykolaiv ផងដែរដែលចូលរួមក្នុងគំនិតផ្តួចផ្តើម និងការពន្យារកិច្ចព្រមព្រៀង យ៉ាងហោចណាស់មួយឆ្នាំ” ។
លោក Kubrakov បានលើកឡើងថា បច្ចុប្បន្ននេះ កប៉ាល់ចំនួន ៧៧ ដែលមានគ្រឿងឧបភោគបរិភោគ ពីអ៊ុយក្រែនកំពុងរង់ចាំ ការត្រួតពិនិត្យនៅក្នុងទីក្រុងតួកគី។
លោក Kubrakov បានបន្ថែមថា អ៊ុយក្រែនមានសក្តានុពល ក្នុងការជំរុញការនាំចេញគ្រាប់ធញ្ញជាតិបន្ថែមទៀត ក្រោមគំនិតផ្តួចផ្តើម គ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ខណៈដែលបច្ចុប្បន្នកំពង់ផែទាំងបី ដែលដំណើរការក្រោមកម្មវិធី ប្រើប្រាស់តែ ៥០ភាគរយ នៃសមត្ថភាពនាំចេញរបស់ពួកគេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកក្កដា រុស្ស៊ី និងអ៊ុយក្រែនបានចុះហត្ថលេខា ដោយឡែកពីគ្នាក្នុងឯកសារមួយ នៅទីក្រុងអ៊ីស្តង់ប៊ុលជាមួយតួកគី និងអង្គការសហប្រជាជាតិស្តីពី ការនាំចេញគ្រាប់ធញ្ញជាតិ និងជីពីអ៊ុយក្រែន ដើម្បីធានាការផ្គត់ផ្គង់ទៅកាន់ទីផ្សារពិភពលោក ចំពេលមានជម្លោះប្រដាប់អាវុធរុស្ស៊ី-អ៊ុយក្រែន៕ប្រែសម្រួល ឈូក បូរ៉ា