បរទេស ៖ អ្នកប្រើប្រាស់ផ្កាយរណប Starlink របស់អ៊ុយក្រែន កំពុងទាមទារចម្លើយ ពីនាយកប្រតិបត្តិគឺលោក Elon Musk ជុំវិញការដំឡើងតម្លៃ ដែលបានស្នើឡើង ចំពោះអ៊ីនធឺណិត តាមផ្កាយរណបរបស់ពួកគេ, នេះបើយោងតាម tweets ជាច្រើនដែលបានបង្ហោះ កាលពីថ្ងៃអង្គារ ។ លោក Dimko Zhluktenko ស្ថាបនិក នៃអង្គការក្រៅរដ្ឋាភិបាល ដែលផ្គត់ផ្គង់យោធាជាមួយនឹង ចានផ្កាយរណប Starlink បានថ្កោលទោសការកើនឡើងតម្លៃ ១០ ដុល្លារដែលត្រូវបានពិពណ៌នា នៅក្នុងរូបថតអេក្រង់ ដែលផ្សព្វផ្សាយនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមថា “មិនល្អ” ប៉ុន្តែបានសន្យាថានឹង “ស្វែងរកដំណោះស្រាយ ដែលមានប្រសិទ្ធភាព” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកប្រើប្រាស់បានរាយការណ៍ថា បានទទួលអ៊ីមែលពី Starlink ដោយជូនដំណឹង ដល់ពួកគេអំពីតម្លៃសេវាប្រចាំខែរបស់ពួកគេនឹងកើនឡើងពី ៦៥ ដុល្លារទៅ ៧៥ ដុល្លារ ខណៈដែលតម្លៃចានផ្កាយរណប ត្រូវបានកំណត់ឡើងពី ៥០០ ដុល្លារទៅ ៧០០ ដុល្លារ ។ ថ្លៃសេវាថ្មី ត្រូវបានកំណត់ ឱ្យចូលជាធរមាននៅថ្ងៃទី ២៩ ខែធ្នូ ប៉ុន្តែ “ប្រសិនបើអ្នកមិនចង់បន្តសេវាកម្ម របស់អ្នក អ្នកអាចលុបចោល នៅពេលណាក៏បាន” ។
អ្នកប្រើប្រាស់ Twitter ជនជាតិអ៊ុយក្រែនម្នាក់ទៀត ឈ្មោះ Roman Kyryliuk បានទាមទារឱ្យដឹងពី “ហេតុផលអ្វីខ្លះដែលជះឥទ្ធិពល” ការកើនឡើងតម្លៃ ដោយបានរំឭកលោក Musk ថា “ស្ថានភាពហិរញ្ញវត្ថុមិនល្អនៅទីនេះ” ៕