ព័ត៌មានអន្តរជាតិ

ក្រុងប៉េកាំងថា អាមេរិក និយាយបំផ្លើសពី “ការគំរាមកំហែងរបស់ចិន” ជាលេសដើម្បីពង្រីកឃ្លាំងអាវុធ នុយក្លេអ៊ែររបស់ខ្លួន

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងបង្កើន “ការគំរាមកំហែងរបស់ចិន” ដែលសន្មតថា ជាលេសដើម្បីពង្រីក​ ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន និងរក្សាអនុត្តរភាពយោធារបស់ខ្លួន ដោយហៅវាថាជា “យុទ្ធសាស្ត្រឆ្ពោះទៅរកសហរដ្ឋអាមេរិក” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យរូបនេះបានពន្យល់ថា គោលនយោបាយនុយក្លេអ៊ែររបស់ចិននៅតែមានភាពសមស្រប និងច្បាស់លាស់ ដោយកត់សម្គាល់ថា រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងប្រកាន់ខ្ជាប់ នូវគោលនយោបាយគ្មានការប្រើប្រាស់ដំបូងរបស់ខ្លួន ទាក់ទងនឹងអាវុធនុយក្លេអ៊ែរ ហើយបានកំណត់ការអភិវឌ្ឍន៍ឃ្លាំងអាវុធយុទ្ធសាស្ត្ររបស់ខ្លួន ដល់កម្រិតអប្បបរមា ដែលត្រូវការដោយសន្តិសុខជាតិ។ លោកបានបញ្ជាក់ថា «យើងមិនដែលជាផ្នែកនៃទម្រង់ នៃការប្រណាំងសព្វាវុធនោះទេ» ចិនមិនបង្កការគំរាមកំហែង ឬការប្រឈមចំពោះប្រទេស ដទៃដែលខ្លួនសង្ឃឹមថា នឹងក្លាយជាដៃគូអភិវឌ្ឍន៍នោះទេ។

លោក Zhao អ្នកនាំពាក្យក្រសួងការបរទេសចិន បានកត់សម្គាល់ថា ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិក មានឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំបំផុតក្នុងពិភពលោក និងបើកទូលាយនូវគោលនយោបាយរារាំង ការវាយប្រហារលើកដំបូង ប្រឆាំងនឹងប្រទេសជាក់លាក់៕​ប្រែសម្រួលៈ ណៃ តុលា

To Top