ព័ត៌មានអន្តរជាតិ

ចិន-សហភាពអឺរ៉ុប គួររក្សាស្ថិរភាព នៃទំនាក់ទំនង ក្នុងពេលវេលា មិនច្បាស់លាស់ នៅបច្ចុប្បន្ននេះ

ប៉េកាំង ៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel នឹងបំពេញទស្សនកិច្ច នៅប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ តាមការអញ្ជើញ របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ។ ដំណើរ​ទស្សនកិច្ច ​របស់​លោក​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជំរុញ​ឱ្យ​មាន​ការ​រីកចម្រើន ​ជា​និរន្តរភាព​នៃ​ទំនាក់ទំនង​ចិន​-​សហភាព​អឺរ៉ុប ដែល​នឹង​ចាក់​បញ្ចូល​ស្ថិរភាព​បន្ថែម​ទៀត​ ក្នុង​ពិភពលោក​ដ៏​ចលាចល និង​ការ​ផ្លាស់​ប្តូរ ។

លោក Michel នឹង​ក្លាយ​ជា​មេដឹកនាំ​ដំបូង​គេ​ នៃ​ស្ថាប័ន​សហភាព​អឺរ៉ុប ​ដែល​មក​បំពេញ​ទស្សនកិច្ច ​នៅ​ប្រទេស​នេះ​បន្ទាប់​ពី​សមាជ​ជាតិ ​លើក​ទី២០ នៃ​បក្ស​កុម្មុយនិស្ត​ចិន (CPC) នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

មុនពេលដំណើរទស្សនកិច្ច របស់លោក Michel លោក ស៊ី បានជួបផ្ទាល់ជាមួយមេដឹកនាំជាច្រើន មកពីបណ្តាប្រទេសអឺរ៉ុប រួមទាំងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅខាងក្រៅកិច្ច ប្រជុំកំពូលលើកទី១៧ នៃក្រុមប្រទេសទាំង២០ នៅពាក់កណ្តាលខែវិច្ឆិកា។ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ក៏បានធ្វើទស្សនកិច្ចនៅប្រទេសចិន កាលពីដើមខែនេះផងដែរ ។

អន្តរកម្មបែបនេះបង្ហាញពីឆន្ទៈ កាន់តែខ្លាំងឡើង រវាងភាគីទាំងពីរក្នុងការអភិវឌ្ឍបន្ថែមទៀត នូវផលប្រយោជន៍រួម និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់កិច្ចសហប្រតិបត្តិការ ។

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ការសន្ទនា ជាក់ស្តែងរវាងភាគីទាំងពីរទទួលបានលទ្ធផល គួរឲ្យចាប់អារម្មណ៍ ដែលបង្ហាញដោយទំនាក់ទំនង ដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ។

ចាប់ពីខែមករា ដល់ខែតុលា ពាណិជ្ជកម្មទ្វេភាគីបានឈានដល់ ៧១១,៣ ពាន់លានដុល្លារអាមេរិក កើនឡើង ៦,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ទិន្នន័យពីក្រសួងពាណិជ្ជកម្មចិន បានបង្ហាញថា ក្នុងរយៈពេល ៨ខែដំបូង លំហូរចូល FDI របស់សហភាពអឺរ៉ុប ទៅកាន់ប្រទេសចិន បានកើនឡើង ១២៣,៧ភាគរយគួរឱ្យភ្ញាក់ផ្អើល ពីមួយឆ្នាំទៅមួយឆ្នាំ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top