ព័ត៌មានអន្តរជាតិ

តួកគី បង្កើនកិច្ចសហប្រតិបត្តិការ នុយក្លេអ៊ែរជាមួយរុស្ស៊ី ដើម្បីធានាសន្តិសុខថាមពល

អង់ការ៉ា៖ តួកគី បានសម្រេចចិត្តចរចាជាមួយរុស្ស៊ី នូវការសាងសង់រោងចក្រថាមពល នុយក្លេអ៊ែរមួយផ្សេងទៀត នៅពេលដែលលោកខាងលិច កំពុងព្យាយាមផ្តាច់ខ្លួនពីទីក្រុងមូស្គូ ហើយអ្នកវិភាគបានឲ្យដឹងថា តួកគី ដែលស្រេកឃ្លានថាមពលត្រូវតែ មានភាពប្រាកដប្រជា ដើម្បីធានាសន្តិសុខថាមពល សម្រាប់ឧស្សាហកម្ម និងប្រជាពលរដ្ឋរបស់ខ្លួន។

អនុរដ្ឋមន្ត្រីក្រសួងថាមពលតួកគី លោក Alparslan Bayraktar បានឲ្យដឹងកាលពីសប្តាហ៍មុនថា ការចរចាបានចាប់ផ្តើម សម្រាប់រោងចក្រនុយក្លេអ៊ែរ៤ ទីពីរដែលសាងសង់ដោយរុស្ស៊ីនៅក្នុងខេត្ត Sinop ភាគខាងជើងសមុទ្រខ្មៅ។

លោក Bayraktar បានប្រាប់សន្និសីទ Atomexpo 2022 ឲ្យដឹងថា “យើងត្រូវការយ៉ាងតិច ១៦ ទៅ ២០រ៉េអាក់ទ័រ ឬយើងត្រូវការរ៉េអាក់ទ័រពី ១២ ទៅ ១៦ បន្ថែមពីលើរោងចក្រថាមពលនុយក្លេអ៊ែរ Akkuyu (NPP) ដើម្បីក្លាយជាសេដ្ឋកិច្ចអព្យាក្រឹតកាបូន នៅផ្លាស់ប្ដូរវេននៃសតវត្សទី” ។

អ្នកជំនាញបានចង្អុលបង្ហាញថា ទំនាក់ទំនងកាន់តែជិតស្និទ្ធ របស់ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានកើតឡើងចំពេលមាន វិធានការប្រឆាំងរុស្ស៊ី ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដើម្បីដាក់ទីក្រុងម៉ូស្គូ ឱ្យនៅដាច់ដោយឡែកជាមួយនឹង ទណ្ឌកម្មហិរញ្ញវត្ថុ សម្រាប់ប្រតិបត្តិការយោធាពិសេស របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ។

លោក Murat LeCompte អ្នកជំនាញថាមពល ដែលមានមូលដ្ឋាន នៅទីក្រុងអ៊ីស្តង់ប៊ុល បានប្រាប់ស៊ីនហួថា តួកគី ក្នុងនាមជាសមាជិកណាតូ មានទំនាក់ទំនងជិតស្និទ្ធ ជាប្រវត្តិសាស្ត្រជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ប៉ុន្តែវាក៏មានទំនាក់ទំនង ប្រពៃណីជាមួយរុស្ស៊ីផងដែរ ជាពិសេសនៅក្នុងកិច្ចសហប្រតិបត្តិការ ថាមពល ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top