ព័ត៌មានអន្តរជាតិ

អាមេរិក អះអាងថា គ្មានបំណងផ្ដាច់ទំនាក់ទំនង សេដ្ឋកិច្ច​ជាមួយចិន​ នោះទេ

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី Gina Raimondo បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងបន្តដាក់សម្ពាធលើប្រទេសចិន ដើម្បីដោះស្រាយការអនុវត្តសេដ្ឋកិច្ច ដែលបង្កើតគុណវិបត្តិ សម្រាប់ក្រុមហ៊ុនអាមេរិក ប៉ុន្តែមិនមែនកំពុងស្វែងរក ការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច ជាមួយប្រទេសមហាអំណាចអាស៊ីនោះទេ។

ខណៈពេលដែលរិះគន់ទីក្រុងប៉េកាំង ជុំវិញការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏ធំ ដែលវាផ្តល់ដល់ក្រុមហ៊ុនចិន និងការលួចកម្មសិទ្ធិបញ្ញារបស់ខ្លួននោះ លោកស្រី Raimondo បានឲ្យដឹងនៅក្នុងសុន្ទរកថានៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ថា “យើងមិនស្វែងរកការកាត់ផ្តាច់នៅក្នុងវិធីណាមួយ នៃសេដ្ឋកិច្ចរបស់យើង ពីប្រទេសចិននោះទេ”។

លោកស្រីបានបន្ថែមថា “យើងចង់លើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគលើវិស័យ ដែលមិនគំរាមកំហែងដល់សន្តិសុខជាតិ ឬតម្លៃសិទ្ធិមនុស្សរបស់យើង” ដោយកត់សម្គាល់ថា ប្រទេសចិនគឺជាទីផ្សារនាំចេញធំជាងគេទី៣ សម្រាប់សហរដ្ឋអាមេរិក ហើយការនាំចេញទាំងនោះ ដោយផ្ទាល់ជួយដល់ការងារអាមេរិកចំនួន ៧៥ម៉ឺន ។

រដ្ឋមន្ត្រីការបរទេសលោក Antony Blinken ដែលបាន និងកំពុងធ្វើដំណើរ ទៅប្រទេសរូម៉ានី ក៏បានបញ្ជាក់ជាថ្មីក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Bucharest អំពីជំហររបស់សហរដ្ឋអាមេរិកថា “មិនសម្លឹងមើលការបង្រួបបង្រួមសេដ្ឋកិច្ចរបស់យើង” និងមិនស្វែងរកជម្លោះជាមួយប្រទេសចិន ខណៈដែលការប្រកួតប្រជែងកាន់តែខ្លាំងឡើងក្នុងវិស័យយោធា សេដ្ឋកិច្ច បច្ចេកវិទ្យា និងតំបន់ផ្សេងទៀត។

ការកត់សម្គាល់របស់មន្ត្រីបានធ្វើឡើង នៅពេលដែលរដ្ឋបាលសហរដ្ឋអាមេរិក របស់ប្រធានាធិបតីលោក ចូ បៃដិន បន្តរឹតបន្តឹងលើការចូលប្រើប្រាស់ របស់ប្រទេសចិន ចំពោះបច្ចេកវិទ្យាទំនើបៗដូចជា semiconductors ជាដើម។

នៅក្នុងខែតុលា នាយកដ្ឋានពាណិជ្ជកម្មបានបង្ហាញ នូវការត្រួតពិនិត្យការនាំចេញយ៉ាងទូលំទូលាយ នៅលើបន្ទះឈីបកម្រិតខ្ពស់មួយចំនួន ដែលអាចត្រូវបានប្រើប្រាស់ដោយទីក្រុងប៉េកាំងដើម្បីបណ្តុះបណ្តាល ប្រព័ន្ធបញ្ញាសិប្បនិម្មិត និងថាមពលកម្មវិធីកម្រិតខ្ពស់ នៅក្នុងវិស័យយោធា និងការឃ្លាំមើល៕ ប្រែសម្រួល ឈូក បូរ៉ា

To Top