ប៉េកាំង៖ មេដឹកនាំនៃប្រទេសជាច្រើន និងអង្គការអន្តរជាតិនានា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ តាមរយៈទូរស័ព្ទ សំបុត្រ និងមធ្យោបាយផ្សេងទៀត ទៅកាន់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ចំពោះមរណភាពរបស់អតីតមេដឹកនាំចិន លោក Jiang Zemin ។
ដោយគូសបញ្ជាក់ពីការ យកចិត្តទុកដាក់ដ៏សំខាន់របស់ Jiang ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៃប្រទេសចិនសហសម័យ និងការកើនឡើងនៃជំហរអន្តរជាតិ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានលើកឡើងថា Jiang គឺជាមិត្តចាស់របស់រុស្ស៊ី ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការលើកកំពស់ទំនាក់ទំនងរុស្ស៊ី-ចិន ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ នៃការសម្របសម្រួល។
លោកពូទីន បានបន្ដថា លោកនឹងចងចាំជានិច្ចនូវរដ្ឋបុរស ដែលមានកិត្យានុភាពដ៏ខ្ពង់ខ្ពស់ និងសប្បុរសធម៌ផ្ទាល់ខ្លួនដ៏ធំធេង។ លោក ពូទីន បានបន្ថែមថា ដោយបង្ហាញការអាណិតអាសូរ ដោយស្មោះចំពោះគ្រួសាររបស់លោក Jiang និងប្រជាជនចិន ដែលរួសរាយរាក់ទាក់ទាំងអស់។
លោក ថងលូន ស៊ីសូលីត អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្ស ប្រជាជនបដិវត្តន៍ឡាវ (LPRP) និងជាប្រធានាធិបតីឡាវបានឲ្យដឹងថា លោក Jiang បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងបុព្វហេតុសង្គមនិយម ជាមួយនឹងចរិតលក្ខណៈរបស់ចិន។
លោក ថងលូន បានបន្ថែមថា អតីតប្រធានាធិបតីចិន ដែលជាមិត្តជិតស្និទ្ធនឹងគណបក្ស LPRP និងប្រជាជនឡាវ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ដឹកនាំការអភិវឌ្ឍទំនាក់ទំនងឡាវ-ចិន។
លោក Miguel Diaz-Canel Bermudez លេខាទីមួយនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តគុយបា និងជាប្រធានាធិបតីគុយបា បានឲ្យដឹងថា លោក Jiang គឺជារដ្ឋបុរសឆ្នើម និងជាមេដឹកនាំកុម្មុយនិស្ត ក៏ដូចជាមិត្តជិតស្និទ្ធរបស់បដិវត្តគុយបា ដល់រដ្ឋាភិបាលបក្សកុម្មុយនិស្តចិន (CPC) និងប្រជាជនចិន។
លោក Jiang បានរួមចំណែកយ៉ាងច្រើន ក្នុងការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជនចិន និងដឹកនាំជំរុញឱ្យប្រទេសចិន រីកចម្រើនទៅជាសេដ្ឋកិច្ច ប្រកបដោយស្ថិរភាព និងវិបុលភាព។
លោក Sultan Haji Hassanal Bolkiah នៃប្រទេសប្រ៊ុយណេបានឲ្យដឹងថា ប្រទេសប្រ៊ុយណេបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ Jiang ក្នុងការពង្រឹងទំនាក់ទំនង ដ៏យូរអង្វែងរវាងប្រជាជន និងប្រទេសទាំងពីរ ៕
ប្រែសម្រួល ឈូក បូរ៉ា