“ស្ថានភាពអន្តរជាតិ មានភាពកាន់តែច្របូកច្របល់ ការប្រកួតប្រជែងសកល ក៏កាន់តែលេចធ្លោ ហើយក៏កាន់តែបង្ហាញ ឱ្យឃើញនូវសារ សំខាន់ នៃ ទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុបផងដែរ ” ។ ថ្ងៃទី១ខែធ្នូ លោក Xi Jinpingប្រធានរដ្ឋចិន បានជួបពិភាក្សាជាមួយលោក Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប នៅទីក្រុង ប៉េកាំង ។ លោកXi Jinping ប្រធានរដ្ឋចិន បានលើកឡើង នូវសំណើចំនួន៤ចំណុច ស្តីពីការអភិវឌ្ឍទំនាក់ទំនង រវាងចិននិងអឺរ៉ុប ដោយរំពឹងថា សហភាពអឺរ៉ុបនឹងក្លាយទៅជាដៃគូ ដ៏សំខាន់របស់ប្រទេសចិន ក្នុងការដើរលើផ្លូវ នៃការធ្វើទំនើបកម្ម តាមបែបផែនចិន។ លោកMichelបានសំដែងថា សហភាពអឺរ៉ុប រីករាយធ្វើជាដៃគូ សហប្រតិបត្តិការ ដែលអាចជឿទុកចិត្តបាន របស់ប្រទេសចិន ។ នេះបានបង្ហាញពីឆន្ទៈវិជ្ជមាន របស់ភាគីទាំង២ ក្នុងការជំរុញទំនាក់ទំនងរវាងចិននិងអឺរ៉ុបឱ្យវិវឌ្ឍរីកចម្រើនទៅមុខ ។
ដំណើរទស្សនកិច្ចនៅប្រទេសចិន របស់លោក Michel លើកនេះ គឺជាការជួបប្រាស្រ័យផ្លូវការ លើកដំបូង រវាងមេដឹកនាំកំពូលចិន និងថ្នាក់ដឹកនាំស្ថាប័នសហភាពអឺរ៉ុប បន្ទាប់ ពីសមាជបក្សកុម្មុយនីស្តចិន លើកទី២០ ។ នេះហើយក៏ជាដំណើរទស្សនកិច្ច នៅប្រទេសចិនលើកដំបូង បន្ទាប់ពីលោកឡើង កាន់មុខតំណែង ជាប្រធានក្រុមប្រឹក្សាអឺរ៉ុបផងដែរ ។ វេបសាយផ្លូវការ នៃក្រុមប្រឹក្សាអឺរ៉ុប បានចេញ ផ្សាយដំណឹងនាពេលថ្មីៗ កន្លងទៅនេះថា ក្នុងបរិបទនៃភូមិសាស្ត្រនយោបាយ និងបរិយាកាសសេដ្ឋកិច្ចដ៏តានតឹងបែបនេះ ដំណើរទស្សនកិច្ចលើកនេះគឺជា “ឱកាសទាន់ពេលវេលា” សម្រាប់អឺរ៉ុបនិងចិន ធ្វើការប្រាស្រ័យទាក់ទងគ្នា ។
ចិននិងអឺរ៉ុប គឺជាកម្លាំងធំ២ ក្នុងការគាំពារសន្តិភាព ពិភពលោក ជាទីផ្សារធំ២សម្រាប់ជំរុញការអភិវឌ្ឍរួម និងជាអរិយធម៌ធំ២ សម្រាប់ជំរុញវឌ្ឍនភាព របស់មនុស្សជាតិ ។ ជានិច្ចកាល ភាគីចិនតែងតែប្រើក្រសែភ្នែក យុទ្ធសាស្រ្តនិងវែងឆ្ងាយទៅមើលទំនាក់ទំនង រវាងចិននិងអឺរ៉ុប ។
“ត្រូវប្រកាន់ខ្ជាប់នូវការយល់ដឹង ដ៏ត្រឹមត្រូវ” “ត្រូវគ្រប់គ្រងការខ្វែងគំនិតគ្នាឱ្យបានសមរម្យ” “ត្រូវធ្វើកិច្ចសហប្រតិបត្តិការដែលមានកម្រិតកាន់តែខ្ពស់” “ត្រូវពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ” លោកXiJinping ប្រធានរដ្ឋចិន បានលើកឡើងនូវគំនិតចំនួន៤ចំណុច ស្តីពីការពង្រីកទំនាក់ទំនងរវាងចិននិងអឺរ៉ុបក្នុងកិច្ចជំនួប ដែលបានផ្តល់វិធីរួមរស់នៅជាមួយគ្នា ដ៏ត្រឹមត្រូវសម្រាប់ភាគីទាំង២។
ក្នុងជំនួបពិភាក្សា លោកMichelបានសន្យាថា សហភាពអឺរ៉ុបប្រកាន់ខ្ជាប់នូវគោល នយោបាយចិនតែមួយ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដី របស់ប្រទេសចិន មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន សហភាពអឺរ៉ុប រីករាយរៀបចំការ ប្រាស្រ័យ ទាក់ទងជាន់ខ្ពស់ ជាមួយភាគីចិន ក្នុងដំណាក់កាលក្រោយឱ្យបានល្អ ឆ្លងតាមរយៈការពង្រឹងកិច្ចសន្ទនា និងកិច្ច សហប្រតិបត្តិការ ដោយផ្ទាល់ ដើម្បីកាត់បន្ថយការ យល់ច្រឡំនិងការ វិនិច្ឆ័យខុស ក៏ដូចជាបង្កើនការប្រាស្រ័យ ទាក់ទងនិងកិច្ចសហការគ្នា ។ ការសម្តែងឥរិយាបថទាំងនេះ គឺវិជ្ជមានណាស់ ។
កិច្ចសហប្រតិបត្តិការផ្នែក សេដ្ឋកិច្ចនិងពាណិជ្ជកម្មជាកត្តាគន្លឹះ នៃទំនាក់ទំនងរវាងចិន និងអឺរ៉ុប ជាប់រហូតមក ។ ក្នុងរយៈពេល១០ខែដំបូងក្នុងឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុប រវាងចិន និង អឺរ៉ុបបានឡើងដល់៧សែន១ម៉ឺន១ពាន់៤រយលានដុល្លារអាមេរិក ដែលបានកើនឡើង៦ក្បៀស ៣ភាគរយ ។ ប្រទេសចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទី១ របស់សហភាពអឺរ៉ុប ហើយសហភាពអឺរ៉ុប បន្តក្លាយជាដៃគូពាណិជ្ជកម្មធំទី២ របស់ប្រទេសចិន ។ ចិននិងអឺរ៉ុបបានបង្កើតជា ទំនាក់ទំនងបំពេញ បន្ថែមគ្នាខាងសេដ្ឋកិច្ចយ៉ាងខ្លាំង ។
ស្ថានការណ៍អន្តរជាតិ មានភាពកាន់តែច្របូកច្របល់ កិច្ចសហប្រតិបត្តិការរវាងចិននិងអឺរ៉ុបក៏កាន់តែមានសារសំខាន់។ សង្ឃឹមថា ភាគីអឺរ៉ុបអាចប្រកាន់ខ្ជាប់ នូវភាពម្ចាស់ការខាងយុទ្ធសាស្ត្រ រួមសហការជា មួយភាគីចិន ដើម្បីជំរុញទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាង ចិននិងអឺរ៉ុប ដើរឱ្យកាន់តែឆ្ងាយនិងកាន់តែរឹងមាំ និងនាំមកនូវឱកាសកាន់តែច្រើន ដល់គ្នាទៅវិញទៅមក ហើយក៏បានបំពេញ បន្ថែមនូវស្ថិរភាពនិង ភាពប្រាកដប្រជាកាន់តែច្រើន ដល់ពិភពលោក ដែលមានភាពច្របូកច្របល់ ៕