ព័ត៌មានអន្តរជាតិ

Update៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធអាស៊ី ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ពាក់ព័ន្ធនឹងការបាញ់សាកល្បង មីស៊ីល

BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួន បានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ កូរ៉េខាងជើង៣នាក់ ដែលពាក់ព័ន្ធនឹងការសាកល្បងមីស៊ីល នាពេលថ្មីៗនេះរបស់ប្រទេសនេះ ។ គួរបញ្ជាក់ថា ក្រុងព្យុងយ៉ាងបានបាញ់មីស៊ីល បាលីស្ទិកច្រើនជាង៦០គ្រាប់នៅក្នុងឆ្នាំនេះ ហើយបានសាកល្បងមីស៊ីលអន្តរទ្វីប ជាច្រើនគ្រាប់ ។

លោក Jon Il Ho, Yu Jin និង Kim Su Gil ត្រូវបានគេចោទប្រកាន់ថា “បានដើរតួយ៉ាងសំខាន់” ក្នុងការអភិវឌ្ឍន៍អាវុធ ។

ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប ក៏បានដាក់ទណ្ឌកម្មផងដែរ ។

កូរ៉េខាងជើង បានប្រឈមមុខនឹងការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង ដោយប្រទេសលោកខាងលិច អស់ជាច្រើនឆ្នាំមកហើយ ។

នៅក្រោមទណ្ឌកម្មថ្មីទាំងនេះ ទ្រព្យសម្បត្តិទាំងអស់ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក របស់មន្ត្រីកូរ៉េខាងជើង នឹងត្រូវបង្កក ។ ពួកគេនឹងត្រូវបានរារាំងពីប្រតិបត្តិការ ណាមួយជាមួយអាជីវកម្ម ឬបុគ្គលណាមួយនៅសហរដ្ឋអាមេរិក ។

សេចក្តីថ្លែងការណ៍មួយចេញពី ក្រសួងការបរទេសសហរដ្ឋអាមេរិក បានដាក់ថា “សកម្មភាពថ្ងៃនេះត្រូវបានធ្វើឡើង ដោយមានការសម្របសម្រួល យ៉ាងជិតស្និទ្ធជាមួយសាធារណរដ្ឋកូរ៉េ និងជប៉ុន និងពង្រឹងបន្ថែមទៀតនូវគោលនយោបាយ របស់យើងជាមួយដៃគូសហភាពអឺរ៉ុប របស់យើងលើការគំរាមកំហែង របស់កូរ៉េខាងជើង ជាសកល” ។

សេចក្តីថ្លែងការណ៍បានដាក់ថា “ជំហានទាំងនេះក៏បញ្ជាក់ពី ការប្តេជ្ញាចិត្តប្រកបដោយនិរន្តរភាព របស់យើងក្នុងការលើកកម្ពស់ ការទទួលខុសត្រូវក្នុងការ ឆ្លើយតបទៅនឹងល្បឿន មាត្រដ្ឋាន និងវិសាលភាពនៃការបាញ់ មីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top