បរទេស ៖ ដោយចោទប្រកាន់ថាក្រុម Wagner គំរាមកំហែងដល់សេរីភាព សាសនានៅសាធារណរដ្ឋអាហ្រ្វិក កណ្តាល រដ្ឋមន្ត្រីការបរទេស អាមេរិកលោក Antony Blinken កាលពីថ្ងៃសុក្រ បានកំណត់ក្រុមហ៊ុនយោធាឯកជន រុស្ស៊ី ក្នុងប្រភេទដូចគ្នាជាមួយក្រុមរដ្ឋ អ៊ីស្លាម (IS អតីត ISIS) សាខាអាល់កៃដា និងក្រុមតាលីបង់ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Blinken បានប្រកាសថា ក្រុមហ៊ុន Wagner ជា “អង្គភាព ដែលមានការព្រួយបារម្ភជាពិសេស” ដោយដាក់អង្គការនេះ នៅក្នុងបញ្ជីដូចគ្នា នឹងសាខារបស់ IS នៅអាហ្វ្រិកខាងលិច និងភាគខាងជើង ពួកសកម្មប្រយុទ្ធ Nusrat al-Islam នៅក្នុងប្រទេសម៉ាលី បូកូហារ៉ាម របស់ប្រទេសនីហ្សេរីយ៉ា ក្រុមអាល់សាបាប របស់សូម៉ាលី ក្រុមហ៊ូទីនៃយេម៉ែន ក៏ដូចជា Hayat Tahrir al-Sham ដែលជាក្រុមសកម្មប្រយុទ្ធប្រឆាំង រដ្ឋាភិបាលអាល់កៃដា ដែលត្រូវបានប្តូរឈ្មោះថ្មី នៅក្នុងប្រទេសស៊ីរី និងពួកតាលីបង់ នៃប្រទេសអាហ្វហ្គានីស្ថាន ។
លោក Blinken រដ្ឋមន្រ្តីការ បរទេសអាមេរិក បាននិយាយទៀតថា “ការប្រកាសរបស់យើងអំពីការកំណត់ទាំងនេះ គឺស្របតាមតម្លៃ និងផលប្រយោជន៍ របស់យើង ដើម្បីការពារសន្តិសុខជាតិ និងលើកកម្ពស់សិទ្ធិមនុស្ស នៅជុំវិញពិភពលោក” ។ លោកថា ប្រទេស ដែលការពារយ៉ាងមានប្រសិទ្ធភាពនេះ និងសិទ្ធិមនុស្សផ្សេងទៀត គឺជាដៃគូសន្តិភាព ស្ថិរភាព វិបុលភាព និងគួរឱ្យទុកចិត្តជាងរបស់សហរដ្ឋអាមេរិក ជាងប្រទេសដែលមិនមាន»៕