បរទេស៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយថា ឥទ្ធិពលនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន កាន់តែធ្ងន់ធ្ងរទៅលើសហភាពអឺរ៉ុប ជាងសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមលោក Michel ទំនាក់ទំនងសន្តិសុខរវាងទីក្រុងព្រុចសែល និងទីក្រុងវ៉ាស៊ីនតោនបានពង្រឹងចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដែលលោកខាងលិចកំពុងគាំទ្រទីក្រុងគៀវ។ លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអ៊ីតាលី Corriere della Sera កាលពីថ្ងៃសៅរ៍ថា “មានការសម្របសម្រួលដែលមិនធ្លាប់មានពីមុនមកលើសង្រ្គាមនៅអ៊ុយក្រែន” ។
ប៉ុន្តែជាក់ស្តែងមិនអាចនិយាយបានដូចគ្នាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយប្រធានក្រុមប្រឹក្សាអឺរ៉ុបបានចង្អុលបង្ហាញថា “ឥទ្ធិពលនៃជម្លោះមកលើអាមេរិកមិនដូចគ្នានឹងអឺរ៉ុបទេ”។
លោកបាននិយាយថា អ្វីៗកាន់តែងាយស្រួលសម្រាប់អាមេរិក ព្រោះអាមេរិកជាអ្នកនាំចេញធនធានថាមពល និងអត្ថប្រយោជន៍ពីការឡើងថ្លៃឧស្ម័ន និងប្រេង ខណៈដែលសហភាពអឺរ៉ុប “ត្រូវបង់ថ្លៃយ៉ាងធ្ងន់ធ្ងរ” ។ ប្រធានប្លុករូបនេះបានបន្ថែមថា “យើងមានហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច” ។
លោក Charles Michel បានពន្យល់ថា “ឧស្សាហកម្មអឺរ៉ុបចំណាយកាន់តែច្រើនសម្រាប់ថាមពល និងប្រឈមមុខនឹងការប្រកួតប្រជែងពីអាមេរិក” ៕